ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជាកំពុងជំរុញបង្កើនសមត្ថភាពចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូល

២៥ ឧសភា ២០២០ | សេដ្ឋកិច្ច

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជា ដែលរៀបចំធ្វើឡើងនៅអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នាចុងសប្ដាហ៍មុន ឯកឧត្តម តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាព និងផលិតកម្មសត្វ បញ្ជាក់ថា  អ្វីដែលជាចំណាត់ការរបស់ក្រសួង គឺស្តែងឲ្យឃើញថា ក្រសួងចង់ឲ្យប្រជាជនដែលជាកសិករចាប់អារម្មណ៍លើការចិញ្ចឹមសត្វ ដែលជួយបង្កើតមុខរបរដើម្បីចៀសវាងការធ្វើចំណាកស្រុក។


ឯកឧត្តមបន្ថែមថា ចំណាត់ការក៏ដូចជាការជំរុញរបស់ក្រសួងពេលនេះ គឺអាចធានាបាននូវស្ថិរភាពតម្លៃសាច់ជ្រូករស់នៅក្នុងទីផ្សារចន្លោះពី ១ម៉ឺ១ពាន់ ទៅ១ម៉ឺន២ពាន់រៀល ក្នុងមួយគីឡូក្រាម ស្របតាមអ្វីដែលបានអនុវត្តកន្លងមក។

 


ជាមួយគ្នានេះ លោក ស្រ៊ុន ពៅប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបញ្ជាក់ថា ការចិញ្ចឹមសត្វនៅកម្ពុជាក្នុងពេលបច្ចុប្បន្នបាននឹងកំពុងបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ ខណៈមានការជំរុញយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មកម្ពុជា។


បើតាមតួលេខដែល ឯកឧត្តម តាន់ សុផាន់ណារ៉ា បញ្ជាក់ គ្រាន់តែដើមឆ្នាំ២០២០ នេះកម្ពុជាបាននាំចូលមេជ្រូកពូជជាង ៥ពាន់ក្បាលហើយ ខណៈពេញមួយឆ្នាំ ២០១៩កន្លង កម្ពុជាមានមេជ្រូកពូជប្រមាណ ៧ពាន់ក្បាលប៉ុណ្ណោះ។ ចំណែកការនាំចូលកូនជ្រូកពូជមកចិញ្ចឹមនៅដើមឆ្នាំ២០២០នេះវិញ មានចំនួនប្រមាណ ៦ម៉ឺនក្បាល ខណៈកាលពីឆ្នាំ២០១៩ ចំនួនត្រឹមតែ ២ម៉ឺនក្បាលប៉ុណ្ណោះ ។


ឯកឧត្តម តាន់ សុផាន់ណារ៉ា បានលើកឡើងឲ្យដឹងទៀតថា លទ្ធភាពផ្គត់ផ្គង់សាច់សត្វនៅអំឡុងពេលដែលកម្ពុជាពុំទាន់ជួបវិបត្តិកូវីដ ១៩ គឺកម្ពុជាអាចធានាការផ្គត់ផ្គង់បានរហូតដល់ ៨២ភាគរយ ប៉ុន្តែនៅពេលដែលកម្ពុជាជួបនឹងវិបត្តិកូវីដ-១៩ តម្រូវការសាច់សត្វមានការធ្លាក់ចុះបានធ្វើឲ្យចំនួននៃការផ្គត់ផ្គង់ប្រមាណ ៨២ភាគរយនេះ គឺស្ទើរតែគ្រប់គ្រាន់ទៅហើយ សម្រាប់តម្រូវការក្នុងស្រុក ដូច្នេះមិនចាំបាច់ត្រូវនាំចូលពីក្រៅនោះឡើយ។

 


ឯកឧត្តមបានអះអាងឲ្យដឹងទៀតថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ ១៩ នេះរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មក៏បានបញ្ជាឲ្យបិតការនាំចូលសត្វ ដែលក្នុងនោះការនាំចូលមាន់កាត់បន្ថយរហូត៥០ភាគរយ និងការនាំចូលសត្វជ្រូកក៏ត្រូវបានកាត់បន្ថយ៥០ភាគរយដូចគ្នាដែរ។
តាមឯកឧត្តម សុផាន់ណារ៉ា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦ ក្រុមហ៊ុនបានអនុញ្ញាតធ្វើអាជីវកម្មនាំចូលសត្វមកកម្ពុជាក្នុងបរិមាណស្មើៗគ្នា។ ឯកឧត្តមថា ក្នុងពេលបច្ចុប្បន្ននេះពុំមានការនាំចូលជ្រូកពីប្រទេសវៀតណាមឡើយ ខណៈតម្លៃជ្រូករស់នៅប្រទេសវៀតណាមមានតម្លៃ១ម៉ឺន ៧ពាន់រៀលក្នុងគីឡូក្រាម ពោលគឺថ្លៃខ្ពស់ជាងតម្លៃជ្រូករស់នៅកម្ពុជាទៅទៀត៕


អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024