ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងកសិកម្មថាវិស័យកសិកម្មរំពឹងមានកំណើនល្អនៅឆ្នាំ២០២១

០៦ មករា ២០២១ | សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ផលិតផលសរុបកសិកម្ម នៅក្នុងឆ្នាំ២០២០ សម្រេចបានកំណើនជាវិជ្ជមានប្រមាណជា ១២ពាន់លានដុល្លារ ខណៈឆ្នាំ២០១៩សម្រេចបានត្រឹមពី៩ទៅ១០ពាន់លានដុល្លារ ដោយបានកើនឡើងជាង ២ពាន់លានដុល្លារ។

 

 

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ប្រាប់ភីអិនអិននៅថ្ងៃនេះថា ផលិតកម្មកសិកម្មនៅឆ្នាំ២០២០ កន្លងមកមានកំណើនជាវិជ្ជមាន នឹងក៏រំពឹងផងដែរនៅឆ្នាំ២០២១ នឹងបន្តមានកំណើនទៀតដោយហេតុថា នៅក្នុងឆ្នាំនេះអ្វីៗដែលបានឃើញទាំងអស់គ្នានាពេលថ្មីៗនេះគឺវិស័យកសិកម្មមានសកម្មភាពសកម្មជាងមុន។

 



ឯកឧត្តមវេង សាខុន បានអះអាបន្តទៀតថា ទាំងការចិញ្ចឹម ទាំងការដំាដុះគឺមានគម្រោងផែនការសម្រាប់ការនាំចេញច្រើនដូចផលិតកម្មដំណាំចេក ស្វាយ ផលិតកម្មសត្វ និងរួមទាំងផលិតកម្មដ៏ទៀត។

 

 

និងជាងនេះទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះឃើញមានការស្នើសុំចុះបញ្ជីបង្កើតកសិដ្ឋានចិញ្ចឹមសត្វកាន់តែមានចំនួនកើនឡើងច្រើនជំវិញជាង១០០កសិដ្ឋាន ដូច្នេះតាមរយៈសកម្មភាពនេះអាចសន្និដ្ឋានថាផលិតផលសរុបកសិកម្មនៅឆ្នាំ២០២១ នឹងមានការកើនឡើងប្រសើរថែមមួយកម្រិតទៀត។

 


ជាមួយគ្នានេះតាមរយៈរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួននាពេលថ្មីៗនេះក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ចំពោះវិស័យកសិកម្មរួមមានផលិតកម្មសត្វ ផលិតកម្មជលផល ផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ និងផលិតកម្មកៅស៊ូដែលគិតជាទឹកប្រាក់ជាង៤ពាន់លានដុល្លារ និងបាននាំចេញក្នុងតម្លៃជាទឹកប្រាក់សរុបជាង ៦០០លានដុល្លារ។

 


របាយការណ៍បានបង្ហាញទៀតថា គ្រាន់តែផលិកម្មសត្វនៅឆ្នាំ២០២០ សម្រេចបានជិត ២ពាន់លានដុល្លារ ខណៈការនាំចេញសម្រេចបានជាង ៦១លានដុល្លារ។ ចំណែកផលិតកម្ម ជលផលសម្រេចបានជិត២ពាន់លានដុល្លារ ដោយបាននាំចេញជាង ៨លានដុល្លារ។

 

និងចំណែក ផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ សម្រេចបានជិត៨៧លានដុល្លារ ដោយបាននាំចេញជាង ៤៤លានដុល្លារ និងផលិតកម្មកៅស៊ូវិញសម្រេចបានជាង ៤៧៨ លានដុល្លារ ដោយនាំចេញបានក្នុងតម្លៃ៤៨២ លានដុល្លារ៕
 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024