ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងកសិកម្មថា ដើមទុនផលិត និងទីផ្សារកសិផល នៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម

២១ មករា ២០២១ | សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ក្នុងដំណើរការបង្កើនផលិតភាពផលិតកម្ម ពង្រីកផលិតកម្មដំណាំ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃកសិផល ដែលធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ។
 

 

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាងបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមកសិកម្មប្រឈមត្រង់ថាដើម្បីបង្កើនផលិតភាពផលិតកម្មទាមទារចាំបាច់គឺដើមទុនដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ត្រី និងសិប្បកម្មកែច្នៃកសិផល ធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ចិញ្ចឹម ប្រមូលផល កែច្នៃ វេចខ្ចប់ និងថែរក្សា និងការប្រើប្រាស់ធាតុចូលកសិកម្មសំខាន់ៗមួយចំនួនទៀតឲ្យមានប្រសិទ្ធភាព។

 


ឯកឧត្តមបញ្ជាក់ថា ដើម្បីឆ្លើយតបបាននូវលក្ខខណ្ឌផលិត ប្រជាកសិករ និងសហគមន៍កសិកម្ម ត្រូវចងក្រងបណ្តុំផលិត ឬអាជីវកម្ម ប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើទំនាក់ទំនងទីផ្សារ ទទួលបាននូវការបញ្ជា ទិញតាមរយ:ការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ថិរភាពបរិមាណផ្គត់ផ្គង់ និងតម្លៃ ហើយជាងនេះទៅទៀតគ្រប់សមាជិកបណ្តុំអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងការផ្សព្វផ្សាយសំខាន់ៗមួយចំនួនទៀត។

 


ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ដោយយល់ពីបញ្ហានេះ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តគម្រោងសាកល្បងថ្មីមួយស្តីអំពី ការបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញ ដែលគម្រោងនេះត្រូវបានទទួលជំនួយបច្ចេកទេសពីរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអង្គការ JICA ដោយយកទៅអនុវត្តនៅក្នុងខេត្តគោលដៅមាន ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង មានរយៈពេល ៥ឆ្នាំ ២០១៤-២០១៩។

 


ឯកឧត្តមបន្តថា ភាពពិតគម្រោងនេះត្រូវបានបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែដោយយល់ឃើញថាគម្រោងនេះមានសារសំខាន់សម្រាប់សហគមន៍កសិកម្ម អង្គការ JICA បានផ្ទេរការងារតាមដាន និងត្រួតពិនិត្យលើការប្រើប្រាស់ និងគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មឱ្យទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មជាអ្នកអនុវត្តបន្តរហូតដល់ឆ្នាំ ២០២៧។

 


សូមជម្រាបថា កន្លងមកដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទុនរបស់សហគមន៍កសិកម្ម គម្រោងបានផ្តល់ប្រាក់ កម្ចីសាកល្បងដល់សហគមន៍កសិកម្មគំរូចំនួន៦ ក្នុងអត្រាការប្រាក់ ២% ក្នុង១ឆ្នាំ សម្រាប់រយ: ពេល ៥ទៅ១០ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ១៤ម៉ឺន២ ពាន់៩៤២ ដុល្លារ ដែលជាលទ្ធផលការប្រើប្រាស់ប្រាក់កម្ចីនេះកំពុងទទួលបានអត្ថប្រយោជន៍គួរឲ្យកត់សម្គាល់ និងបានសងប្រាក់ដើម និងការប្រាក់បានចំនួន ២លើក សរុបជាង ៣ម៉ឺន២ពាន់ដុល្លារ ហើយសហគមន៍កសិកម្ម សន្យាថានឹងសងប្រាក់ដើម និងការប្រាក់លើកទី៣នៅក្នុងចុងខែមករានេះ៕

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024