ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

វិស័យឯកជន សាទរចំពោះការសម្រេចកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួន

១៨ ធ្នូ ២០២០ | សេដ្ឋកិច្ច

វិស័យឯកជន ក៏ដូចជាអ្នកផលិតក្នុងស្រុកបានសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួន ដែលបានកំណត់នៅក្នុងតារាងអត្រាពន្ធគយកម្ពុជាឆ្នាំ២០១៧។


លោកជំទាវ កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានគូសបញ្ជាក់ថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យឯកជន ចំពោះអ្នកផលិតក្នុងស្រុក។ 


លោកជំទាវ បញ្ជាក់ថា នេះគឺជាកម្លាំងចលករជំរុញឲ្យការផលិតក្នុងស្រុកមានការកើនឡើងវិញ ខណៈកន្លងមកនៅក្នុងឆ្នាំ២០២០ នេះ សគ្រាសផលិតក្នុងស្រុកជួបបញ្ហាប្រឈមខ្លាំងដោយសារតែឥទ្ធពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលការផលិតសម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញ និងការផលិតដើម្បីបំពេញតម្រូវការក្នុងស្រុកក៏មានការធ្លាក់ចុះខ្លាំងដែរ។

 
យោងតាមអនុក្រឹត្យស្ដីពី ការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ដែលបានចុះហត្ថលេខា ដោយប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុនសែន កាលពីថ្ងៃទី១៦ ខែធ្នូ បានគូសបញ្ជាក់ថា មុខទំនិញដែលត្រូវបន្ថយអត្រាពន្ធគយនាំចូលរួមមាន មុខទំនិញវត្ថុធាតុដើមសម្រាប់ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងប្រព័ន្ធសូឡា មុខទំនិញដែលជាឧបករណ៍ និងគ្រឿងមាស៊ីនកែច្នៃសំខាន់ដែលបម្រើដល់សង្វាក់ផលិតកម្ម, មុខទំនិញវត្ថុធាតុដើម និងម៉ាស៊ីន កែច្នៃសំខាន់ៗបម្រើការឲ្យចង្វាក់ផលិតកម្ម, មុខទំនិញអាលកុលសម្លាប់មេរោគ និងមុខទំនិញមួយចំនួនទៀតដែលគាំទ្រដល់វិស័យឧស្សាហកម្ម។

 

 

 

 

ក្រៅពីនេះ ក៏មានមុខទំនិញជាប្រេងរំអិល ប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌ ម៉ាស៊ីនលាងចាន និងទោចក្រក្រយាន សម្ភារៈអគ្គីសនីប្រើប្រាស់ក្នុងផ្ទះ  និងមុខទំនិញអាលកុលសម្លាប់មេរោគប្រើប្រាស់ក្នុងវិស័យសុខាភិបាល ក៏ត្រូវបានបន្ថយអត្រាពន្ធគយនាំចូលនេះផងដែរ។

 

 

 


ជុំវិញនឹងការសម្រេចនេះដែរ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានឲ្យដឹងដែរថា ការសម្រេចដូច្នេះគឺចង់ឲ្យសហគ្រាសផលិតក្នុងស្រុកមានភាពធូស្រាលមួយកម្រិតចំពោះផលិតផលនាំចូលដើម្បីគាំទ្រដល់ដំណើរការផលិតឲ្យកាន់តែមានកម្មភាពជាងមុន ហើយជាពិសេសចំពោះវិស័យដឹកជញ្ជូនវិញ ក៏នឹងមានសកម្មភាពដឹកជញ្ជូនសកម្មជាងមុន ដែលមានន័យថា រដ្ឋាភិបាលកំពុងតែបើកផ្លូវឲ្យការធ្វើពាណិជ្ជកម្មកាន់តែខ្លាំង។

 

 

 


លោកបន្តថា ទទ្ទឹមនឹងការកែសម្រួលអត្រាពន្ធគយនេះពិតណាស់រដ្ឋនឹងមានការបាត់បងចំណូលខ្លះ ដែរ ប៉ុន្តែបើធៀបនឹងការដែលធ្វើឲ្យប្រសើរឡើងគឺរដ្ឋទទួលបានអត្ថប្រយោជន៍ច្រើនទៅវិញទេ ដោយជំនួសឲ្យពលរដ្ឋមានការងារធ្វើច្រើន ជំរុញឲ្យកម្លាំងផលិតក្នុងស្រុកកើន ដែលនឹងធ្វើឲ្យការនាំចេញក៏នឹងកើនទៅតាមនោះដែរ។

 

 

 


យ៉ាងណាក៏ដោយចុះ ត្បិតតែ មានការកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួននាពេលនេះក្តី  តែលោក ជំទាវ កែវ មុំ នៅតែទទូច ស្នើសុំឲ្យរដ្ឋាភិបាលជួយកំណត់ លេខកូដ ប្រភេទមុខទំនិញឲ្យបានច្បាស់លាស់ ស្របគ្នាទៅនឹងលេខកូដ នៃមុខទំនិញពី បរទេសដែលត្រូវនាំចូល ដោយធ្វើយ៉ាងណា ឲ្យមានការទទួលស្គាល់ឯកភាពគ្នាថា ជាលេខកូដ តែមួយ ខណៈកន្លងមកក្រុមហ៊ុនលោកស្រីជួបបញ្ហាភាពខុសគ្នានៃលេខកូដ ទំនិញនេះរួចមកហើយដែរនោះ៕
 

 

 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024