ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

១៥ មករា ២០២១ | សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ ២០២០-២០២៥ ជាផ្លូវការ ដោយតាមរយៈគោលនយោបាយនេះ នឹងធ្វើឱ្យ កម្ពុជា ក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

 

ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឯកសារគោលនយោបាយជាតិដំឡូងមី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា គោលនយោបាយជាតិនេះ បង្កើតឡើងមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក។


ឯកឧត្តមអះអាងបន្តថា គោលនយោបាយនេះមានគោលដៅសំខាន់៣ ដែលទី១ គឺនឹងផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២ គឺគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី៣ គឺការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។


ឯកឧត្តមរដ្ឋមន្ត្រីបន្តថា គោលនយោបាយជាតិនេះ គឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជា ក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។


ជាមួយគ្នានេះ លោក សាទ ធៀប ប្រធានសម្ព័ន្ធដំឡូងមីខេត្តឧត្តមានជ័យបានអះអាងថា គោលនយោបាយនេះបាននឹងកំពុងតែជួយបើកផ្លូវឲ្យវិស័យដំឡូងមីមានច្រកកាន់តែធំដូចទៅនឹងវិស័យស្រូវអង្ករដែរ ខណៈវិស័យនេះកំពុងត្រូវបានប្រឈមផងដែរចំពោះការផលិតមិនបានឆ្លើយតបទៅនឹងបំណងនៃការចង់បាន ដោយសារបញ្ហាសត្វល្អិតបំផ្លាញ។


លោកថា តាមរយៈគោលនយោបាយនឹងធ្វើឲ្យវិស័យដំឡូមីមានការអភិវឌ្ឍន៍ទៅមុខថែមមួយកម្រិតទៀត បើទោះបីជាមិនលឿនដូចការគ្រោងទុកក៏ដោយក៏សង្ឃឹមថានឹងបន្តដំណើរទៅមុខ កុំថាឡើយមានតម្រូវការពីទីផ្សារចិន វៀតណាម និងថៃក៏ត្រូវការដំឡូងមីពីកម្ពុជាខ្លាំងដែរ។


លោកបញ្ជាក់ថា នៅខេត្តឧត្តមានជ័យ វៀតណាមមានតម្រូវការទិញដំឡូងមីផ្ទាល់ ប្រមាណ ២០ទៅ៣០ ភាគរយ និងក្រៅពីនោះគឺប្រទេសថៃ។ និងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ គឺមិនបានធ្វើប៉ះពាល់ដល់ផ្សារដំឡូងមីឡើយពោលគឺដំឡូងមីស្ងួតរក្សាតម្លៃថេរ៧០០រៀលក្នុងមួយគីក្រាមជាង២ខែមកហើយ។


បើតាម ឯកឧត្តមរដ្ឋមន្ត្រី ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។


យោងតាមរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញដំឡូងមី ជាង ៧លានតោន ខណៈបរិមាណផលិតសម្រេចបាន ជាង១២ លានតោន ដែលគិតជាទឹកប្រាក់នៃតម្លៃដំឡូងមីសរុប ជាង ១ពាន់លានដុល្លារ។


ផលិតផលចំណិតដំឡូងមីក្រៀម និងដំឡូងមីស្រស់ ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ចំណែកម្សៅដំឡូងមី ត្រូវបាននាំចេញទៅ ប្រទេសវៀតណាម ចិន ហូឡង់ ឆេក កាណាដា អ៊ីតាលី ឥណ្ឌា និងប៉ាគីស្ថាន។

 

និងបើគិតត្រឹមនៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីរហូតជិត ៦៣ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលបាន មានជាង ៥៨ម៉ឺនហិកតា៕
 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024