ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជានាំចេញផលិតកម្មដំណាំកសិ-ឧស្សាហកម្មនៅឆ្នាំ២០២០ ជាង ២ពាន់លានដុល្លារ

២៨ ធ្នូ ២០២០ | សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះ បានបង្ហាញពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន៦មុខដែលបាននាំចេញនៅក្នុងឆ្នាំ២០២០ នេះ ដោយសម្រេចការនាំចេញសរុបជាង ៨លាន៥សែនតោន ស្មើនឹងទឹកប្រាក់ជាង២ពាន់លានដុល្លារ។

 

 

 


រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុនកាលពីថ្ងៃទី២៤ បានបង្ហាញនៃផលិតកម្ម ដំណាំកសិ ឧស្សាហកម្មចំនួន ៦មុខដែលបាននាំចេញនៅក្នុងឆ្នាំ២០២០ នេះដោយមិនបានរាប់បញ្ចូលអង្ករ និងផលដំណាំផ្សេងៗទៀតឡើយពោលគឺ យកតែផលដំណាំដំឡូងមី ផលដំណាំស្វាយចន្ទី ផលដំណាំស្វាយ ផលដំណាំចេកអំបូងលឿង ផលដំណាំមៀនបៃលិន និងផលដំណាំម្រេចប៉ុណ្ណោះដែលគិតជាទឹកប្រាក់នាំចេញសរុបជាង ២ពាន់៣០០លានដុល្លារ។
 

 

 

 


ស្ថិតិដដែលបញ្ជាក់ថា ការនាំចេញដំណាំដំឡូងមី គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧លានតោន ដែលមានតម្លៃប៉ាន់ស្មាន ១ពាន់លានដុល្លារ។ ដំណាំស្វាយចន្ទីបរិមាណនាំចេញសម្រេចបានជិត ២២ ម៉ឺនតោន ស្មើនឹងជាង ២៨៨ លានដុល្លារ ខណៈដំណាំស្វាយត្រូវបាននាំចេញជាង ៩៤ ម៉ឺនតោនដែលមានទឹកប្រាក់ជាង ៤៧៣ លានដុល្លារ និងដំណាំចេក អំបូងលឿងការនាំចេញបាន ជាង ៣១ម៉ឺនតោន ជាមួយនឹងទឹកប្រាក់ ជាង ៤៥១លានដុល្លារ និងដំណាំមៀនប៉ៃលិន នាំចេញបានជាង ១៧៤ តោន ជាមួយទឹកប្រាក់ជាង ៥៧ លានដុល្លារ និងផលដំណាំម្រេច សម្រេចការនាំចេញបានជាង ៥ពាន់តោន គិតជាទឹកប្រាក់ជាង ២៥លានដុល្លារ។
 

 

 

 


ទាក់ទិននឹងការនាំចេញនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មធ្លាប់បានអះអាងថា ក្នុងពេលបច្ចុប្បន្ននេះ ចំពោះផែនការនាំចេញផលិតផលកសិកម្ម គឺកម្ពុជានៅតែជួបមានបញ្ហាស្មុគស្មាញមួយចំនួន ខណៈវិស័យឯកជន ដែលជាអ្នកនាំចេញមិនទាន់មានលក្ខណៈប្រមូលផ្តុំគ្នានៅឡើយ ដែលជាហេតុធ្វើឲ្យការនាំចេញកសិផលរបស់កម្ពុជាជួបការលំបាកក្នុងការប្រកួតជែងជាមួយនឹងប្រទេសជិតខាងដែលជាអ្នកនាំចេញដូចគ្នា ពិសេសគឺប្រទេសវៀតណាមតែម្តង៕
 

 

 

 

 

អត្ថបទ ស៊ឺន សុន  និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024