ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងកសិកម្មថា កាប្រមូលផលស្រូវវស្សាឆ្នាំនេះអាចនឹងសម្រេចបាន ៨លាន៥សែនតោន

២១ ធ្នូ ២០២០ | សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការប្រមូលផលស្រូវនៅឆ្នាំ២០២០ នេះរំពឹងថា ទទួលបានទិន្នផលនៅតែល្អប្រសើរ បើទោះបីជា កម្ពុជាឆ្នាំនេះតំបន់ខ្លះក្នុងខេត្តមួយចំនួន រងផលប៉ះពាល់ដោយសារទឹកជំនន់ក្តី តែក៏នឹងអាចប្រមូលផលស្រូវវស្សាបានរហូតដល់ទៅ ៨លាន ៥សែនតោន ដោយមានកំណើនលើស ឆ្នាំ២០១៩ ប្រមាណ ៤ភាគរយ។

 

 

 


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា តាមការព្យាកររបស់ក្រសួងកសិកម្ម ការប្រមូលផលស្រូវវស្សាឆ្នាំ២០២០នេះ នៅតែរក្សាបានកំណើនល្អ ដោយនឹងកើនក្នុងកម្រិតចន្លោះពី ២០ម៉ឺន ទៅ៣០ម៉ឺនតោន ខណៈបច្ចុប្បន្នការប្រមូលផលស្រូវសម្រេចបានជិត ៨០ភាគរយ ស្មើនឹងជិត ៧លានតោន។

 

 

 


ឯកឧត្តមបន្តថា ផ្អែកតាមលទ្ធផលដែលសម្រេចបាននៅឆ្នាំនេះ កម្ពុជានឹងមិនជួបបញ្ហាកង្វះស្បៀងនោះឡើយ ហើយជាពិសេសចំពោះការចាប់ផ្តើមការដាំស្រូវប្រាំងនាពេលនេះ ក៏សម្រេចបានជាង ៧០ភាគរយហើយដែរ នៃផែនការ ដែលបានដាក់ចេញឲ្យអនុវត្ត ប្រមាណជិត ៤៦ ម៉ឺនហិកតា។

 

 

 


យោងតាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២០ ការនាំចេញអង្កររបស់កម្ពុជាកើនឡើងជិត ១៧ ភាគរយជាមួយនឹងបរិមាណសរុប ៦០ម៉ឺន តោនស្មើនឹងតម្លៃជាទឹកប្រាក់ ៤១៥ លានដុល្លារ។ ប៉ុន្តែ បើគិតពីផលិតផលកសិកម្មចំនួន ៦៧ មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស ក្រៅតែពីផលិតផលអង្ករ កម្ពុជាក៏មានការនាំចេញផលិតផលកសិកម្មដទៃទៀត ដែលមានបរិមាណសរុបដល់ទៅ ប្រមាណជាង ៥លានតោន រួមមាន ដំឡូងមីក្រៀម ល្ងរ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទី គ្រាប់ពោត និងផ្លែស្វាយស្រស់ជាដើម។ល។

 

 

 

 

 

 

 

 


ទាក់ទិននឹងការនាំចេញនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងទៀតថា ក្នុងពេលបច្ចុប្បន្ននេះ ផែនការនាំចេញនៅក្នុងវិស័យកសិកម្ម គឺនៅតែមានបញ្ហាស្មុគស្មាញមួយចំនួន ដោយសារតែវិស័យឯកជន ដែលជាអ្នកនាំចេញមិនទាន់មានលក្ខណៈប្រមូលផ្តុំគ្នានៅឡើយ ដែលធ្វើឲ្យយើងជួបការលំបាកក្នុងការប្រកួតជែងជាមួយនឹងប្រទេសជិតខាង ដែលជាអ្នកនាំចេញដូចគ្នា ដូច្នេះនៅក្នុងសប្តាហ៍នេះ ក្រសួងកសិកម្ម និងជួបប្រជុំជាមួយវិស័យឯកជនដើម្បីរកដំណោះស្រាយបង្កើតឲ្យមានការប្រមូលផ្តុំចំពោះ អ្នកនាំចេញផលិតផលកសិកម្មមួយនេះ៕
 

 

 

 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024