ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

មេប៉ូលិសកម្ពុជា បន់ស្រន់ឱ្យមន្រ្តីនគរបាល កំពុងសំរាកព្យបាលជំងឺកូវីដ-១៩ ឆាប់បានជាស្បើយ

១៣ ឧសភា ២០២១ | ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន់ស្រន់ឱ្យមន្រ្តីនគបាលជាតិដែលកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩បាន និងកំពុងធ្វើចត្តាឡីស័ក សូមចាប់បានជាះស្បើយ និងចៀសផុតពីជំងឺឆ្លងកាចសាហាវនេះ។ នេះបើតាមសារលិខិតជូនពរដែលឯកឧត្តមអគ្គស្នងការផ្ញើជូនកងកម្លាំនគរបាលជាតិទូទាំងប្រទេស។ សូមបញ្ជាក់ថានៅថ្ងៃទី១១ខែឧសភាម្សិលមិញ សាលារាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន២៥១នាក់ ក្នុងនោះក៏មានមន្រ្តីនគរបាលដែរ។

 


ក្នុងចំណែកនៃសារលិខិត៣ទំព័រ ផ្ញើជូនកងកម្លាំងនគរបាលជាតិ សម្រាប់ទិវារំលឹកខួបថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ១៦ឧសភាខាងនេះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញមនោសញ្ចេទនាយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុកមន្រ្តីក្រោមឱវាតដែលកំពុងបំពេញភារកិច្ចក្នុងគ្រាប្រឈមមុខនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការន៍សហគមន៍២០កុម្ភៈ។

 


ភ្ជាប់នឹងការសួរសុខទក្ខ និងជូនពរកងកម្លាំងនគរបាលកំពុងសំរាកព្យាបាលជំងឺជាធម្មតានៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋានឱ្យឆាប់បានជាសះស្បើយ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ បានបន់ស្រន់ឱ្យកងកម្លាំងដែលកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ ឬកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ មណ្ឌលព្យាបាល ឬនៅតាមគេហដ្ឋាន សូមឆាប់បានជាសះស្បើយ ឆ្លងផុតពីគ្រោះភ័យនៃជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។


ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខដោយក្ដីគោរពចំពោះគ្រួសារញាតិសន្តានរបស់មន្រ្តីនគរបាលដែលបានពលី ឬទទួលមរណភាពក្នុងបេសកកម្ម និងដោយប្រការផ្សេងៗ រួមទាំងដោយសារជំងឺកូវីដ-១៩។ 

 


នៅថ្ងៃទី១១ ខែឧសភាម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥១នាក់នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ហើយក្នុងចំណោមនោះ មានមន្រ្តីនគរបាលចំនួន២០នាក់។ ការប្រកាសនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមានការចែកចាយព័ត៌មានថាមន្រ្តីនគរបាលប្រចាំការនៅភូមិសាស្រ្តបិទខ្ទប់នៅខណ្ឌមានជ័យបានរកឃើញវិជ្ជមានកូវីដ-១៩។


ជុំវិញវិញករណីនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងកាលពីថ្ងៃម្សិលមិញថាយ៉ាងហោចណាស់មានមន្រ្តីនបាលជាង៨០នាក់ដែលកំពុងអនុវត្តបទបញ្ជានៅតំបន់ក្រហមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

 


បើតាមការស្រង់សម្ដីនៅលើគេហទំព័រខ្មែរថាមស៍ គេនៅមិនទាន់រកឃើញប្រភពនៃការឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមមន្រ្តីនរបាលដែលប្រចាំការនៅតាមតំបន់បិទខ្ទប់នោះនៅឡើយទេ និងបានឱ្យដឹងថាសម្រាប់មន្រ្តីដែលបានរកឃើញវិជ្ជមានកូវីដ-១៩នោះ ថ្នាក់ដឹកនាំបានសហការជាមួយក្រសួងសុខាភិបាលដើម្បីបញ្ជូនពួកគាត់ទៅព្យាបាលរួចរាល់អស់ហើយ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024