ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អគ្គស្នងការនគរបាលជាតិ ព្រមានដាក់ពិន័យចំពោះមន្ត្រីនគរបាលចរាចរណ៍ ដែលប្រើឥរិយាបថមិន​​សមរម្យ ​

០៩ តុលា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ព្រមាន​ដាក់ពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៍រូបណាដែលប្រើឥរិយាបថ កាយវិការ ពាក្យសំដីមិនសមរម្យ​ក្នុង​ពេលកំពុងបំពេញការងារ ។ ការព្រមាននេះ បានធ្វើឡើង ដោយសារឯកឧត្តម នាយឧត្តមសេនីយ៍ សង្កេត​ឃើញមានមន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូច នៅប្រើកាយវិការចង្អុលមុខ និយាយលឺៗ​​និងគំហគ ​​​ទៅកាន់ប្រជាពលរដ្ឋ ពេលកំពុងបំពេញការងារ ជាដើម។

 



ការព្រមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នេះ បាន ធ្វើឡើងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ។

 


ជាមួយគ្នានឹងការព្រមានអោយកែប្រែឥរិយាបថខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរ​​បាល​ជាតិ ក៏បានណែនាំអោយមានការពង្រឹងគុណភាពមន្ត្រីនគរបាលតាមរយៈការវ៉ឹកហាត់ដោយបើក​វគ្គបំប៉នខ្លីនៅនឹងកន្លែង ក្នុងករណីខ្វះគ្រូបង្គោល ត្រូវស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើយ៉ាង​ណា​ជំរុញអោយកម្លាំងនគរបាលទាំងអស់បំពេញការងារប្រកបដោយប្រសិទ្ធិភាព។

 

 


គួរបញ្ជាក់ថា ក្រៅពីណែនាំអោយមានការកែប្រែឥរិយាបថក្នុងពេលបំពេញការងារ និងពង្រឹងគុណភាព​សមត្ថភាព ​ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏ណែនាំកម្លំាងនគរបាលទំាងអស់ត្រូវបន្ត អនុវត្តន៍​តាម​បទ​​បញ្ជាឱ្យ​​​បានម៉ឺងម៉ាត់ តាមដាននិងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលនៅតែប៉ុនប៉ងផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​​ស្របច្បាប់ តាមរយះ ពង្រឹងការងារឱ្យបានច្បាស់លាស់តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់​មូល​ដ្ឋាន៕

 

អត្ថបទ៖សន រដ្ឋា រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024