ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរចាត់អ្នកល្មើសវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ បញ្ជូនទៅតុលាការ និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់

២០ មេសា ២០២១ | ព័ត៌មានជាតិ

គិតចាប់ពីថ្ងៃ ដែលរាជរដ្ឋាភិបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីខេត្តចាប់ផ្ដើមចេញវិធានការនានា កាន់តែតឹងតែងជាងមុន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ គេឃើញអាជ្ញាធរ បានចាប់ខ្លួនអ្នកល្មើសជាបន្តបន្ទាប់ ដោយអ្នកខ្លះ ត្រូវបានបញ្ជូនទៅតុលការ និងខ្លះទៀត បានតម្រូវឱ្យធ្វើកិច្ចសន្យា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនទាន់មានតួលេខសរុបនៅឡើយទេ ប៉ុន្តែបានអះអាងថា ការចាប់ខ្លួន បញ្ជូនទៅតុលាការ និងការអប់រំ នឹងត្រូវធ្វើជាបន្តទៀត ដោយគ្មានការលើកលែងនោះឡើយ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាជនទាំងមូល។

 


រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ចាក់ប្រាប់PNNថារហូតមកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍សរុបអំពីការចាប់ខ្លួនអ្នកល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅឡើយទេ។ 


ថ្វីដ្បិតថាមិនទាន់មានរបាយការណ៍ពីខាងក្រសួងមហាផ្ទៃ ប៉ុន្តែPNNអាចបញ្ជាក់ត្រួសពីករណីមួយចំនួន មានជាអាទិ៍ សមត្ថកិច្ច បុរសម្នាក់នៅរាជធានីភ្នំពេញត្រូវបានចាប់ខ្លួនបញ្ជូនទៅតលាការដោយសារយកកំបិតកាត់ខ្សែហាមឃាត់របស់សមត្ថកិច្ចនៅខណ្ឌទួលគោកកាលពីថ្ងៃទី១៥ ខែមេសា។

 


នៅថ្ងៃទី១៧មេសា សមត្ថកិច្ចបានខ្លួននគរបាលពាក់ផ្កាយ២ នឹងបក្សពួក២នាក់ទៀតបញ្ជូនទៅតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន ហើយក៏ត្រូវបានដកសក្ដិ និងបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិព្រោះតែរៀបចំកម្មវិធីរាំច្រៀងស៊ីផឹកបាចទឹកប៉ាតសម្ស៉ៅ នៅសង្កាត់ស្ទឹងមានជ័យ៣ ដែលជាតំបន់បិទខ្ទប់ខ្លាំង។


នៅថ្ងៃទី១៧មេសា មានបុរសម្នាក់ទៀត បានបើករថយន្តផ្លាកលេខនគរបាលជាមួយនឹងការឡាយវីដេអូ អះអាងថាខ្លួនជាឧត្តមសេនីយ៍ អាចធ្វើដំណើរបានទោះមានការហាមឃាត់។ ប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចបានចាប់ខ្លួនបុរសនោះ ហើយរកឃើញថាជានគរបាលក្លែងក្លាយ រួចបញ្ជូនទៅតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន។

 


នៅថ្ងៃទី១៧មេសានោះដែរ មានបុរសម្នាក់ទៀតនៅស្រុកកំពង់សៀម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ព្រោះតែមិនស្ដាប់ការណែនាំឱ្យឈប់ទទួលសុរាហើយចូលសំរាក។ ទីបំផុត អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យវាយខ្នោះបុរសរូបនោះ ព្រោះតែគាត់មិនត្រឹមតែមិនស្ដាប់ការណែនាំទេ ប៉ុន្តែបានជេរប្រមាថមកលើសមត្ថកិច្ចទៀតផង។


ឈានចូលថ្ងៃទី១៧មេសានោះដែរ មានបុរសម្នាក់ទៀត បានបើករថយន្តបុកសមត្ថកិច្ចនៅចំណុចបារ៉ាស់គោលដៅគល់ស្ពានព្រះមុនីវង្សចាស់ ខណ្ឌច្បារអំពៅបណ្ដាលឱ្យនគរបាលម្នាក់បាក់ឆ្អឹងស្មងជើង និងប្រេះប្រអប់ជើង។ សមត្ថកិច្ចបានបញ្ជូនបុរសរូបនោះទៅតុលាការនៅថ្ងៃបន្ទាប់។

 


នៅថ្ងៃម្សិលមិញនេះដែរ សមត្ថកិច្ចក៏ចាប់បានក្រុមអ្នកដឹកមនុស្សឆ្លងខេត្ត និងបំរុងឆ្លងដែនដែលជាការល្មើសនឹងវិធានការបង្ការទប់ស្កាត់កូវីដ១៩ដែរ ក្នុងនោះនៅបន្ទាយមានជ័យចាប់បានមេខ្យល់២នាក់បញ្ជូនទៅតុលាការបន្ទាប់ពីព្យាយាមលួចដឹកពលករខ្មែរ៧នាក់ឆ្លងដែនទៅប្រទេសថៃ។ នៅស្វាយរៀង សមត្ថកិច្ចចាប់បានបុរសម្នាក់ដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន និងមានឯកសារធ្វើដំណើរ ប៉ុន្តែបានលួចដឹកមនុស្សបំរុងមកភ្នំពេញ ខណៈសមត្ថកិច្ចក៏ចាប់បានបុរសបើកឡានពេទ្យម្នាក់ដែលបំរុងដឹកមនុស្សទៅកាន់ខេត្តមណ្ឌលគិរី។ 

 


សូមបញ្ជាក់ថានៅមានករណីស្រដៀងគ្នានេះមួយចំនួនទៀតដែលបានចេញផ្សាយជាបន្តបន្ទាប់។ ក្រៅពីនេះ ក៏មានក្រុមមនុស្សផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់មកអប់រំ ធ្វើកិច្ចសន្យា និងសូមទោសជាសាធារណៈ បន្ទាប់ពីបានបរិហារលើសមត្ថកិច្ចកំពុងអនុវត្តបំរាមគោច និងខ្លះទៀតលួចទទួលទៀតនគ្រឿងស្រវឹងទាំងនៅតាមផ្ទះផង និងនៅតាមកំពតព្រៃផង។ 


ជុំវិញការអនុវត្តវិធានការនេះ ឯកឧត្តម ខៀវ សុភ័គ បានសង្កត់ធ្ងន់ថាការអនុវត្តច្បាប់ ចាប់ខ្លួនអ្នកល្មើសបញ្ជូនទៅតុលការ និងយកមកអប់រំ នឹងនៅតែបន្តធ្វើដោយគ្មានការលើកលែងឡើង ដើម្បីការពារសេចក្ដីសុខសុវត្ថិភាពរបស់ប្រជាជនពីការឆ្លងរីករាលជំងឺកូវីដ១៩៕


អត្ថបទ៖ រ៉េន រតនៈ         រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024