ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មន្ត្រីថ្នាក់ឧត្តមសេនីយ៍ ២រូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជនអនាមិកក្លែងបង្កើតគណនី Telegram ប្រើក្នុងគោលដៅទុច្ចរិត ធ្វើឲ្យមានការភ័ន្តច្រឡំ

១២ ធ្នូ ២០២០ | ព័ត៌មានជាតិ

ថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនី និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះ និងរូបថត របស់មន្ត្រីជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ២រូប ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ជាដើម។ 

 


ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនី ដែលមានប្រើរូបថត និងឈ្មោះតាមប្រព័ន្ធ Telegram នោះ ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗ និងសុំអោយមហាជន កុំមានការភ័ន្តច្រឡំ។


ឧត្តមសេនីយ៍ទាំងពីររូបនោះ គឺឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជនអនាមិក បានបង្កើតឈ្មោះ និងដាក់រូបថតឯកឧត្តមឧត្តមសេនីយ៍ទាំងពីរ តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗ ពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ។

 


ការចេញមកច្រានចោល នាពេលនេះ ដោយសារតែថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ តេឡេក្រាម(Telegram) ដោយប្រើប្រាស់រូបថត នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិត ធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ 

 


ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin. ក្រុមការងារណាមួយ តាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិនោះឡើយ ហើយសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ។ 

 


ដោយឡែក កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ នាយកដ្ឋានកណ្តាលសន្តិសុខ ក៏បានចេញលិខិតបដិសេធមួយផងដែរ ដោយអះអាងថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណ កំពុងក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម( Telegram) ដោយអះអាងថា ជានាយទាហាន ធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីទាក់ទងទៅកាន់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ។ នាយកដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់ថា រូបភាពខាងលើ បង្កើតឱ្យមានការភ័ន្តច្រឡំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្នុងគោលដៅចែកចាយមេរោគកុំព្យូទ័រ។ 


នាយកដ្ឋានកណ្តាលសន្តិសុខ បានស្នើដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាម( Telegram) ឈ្មោះ ឌី វីជ្ជា ( Dy Vichea) ខាងលើ ហើយសមត្ថកិច្ច ក៏កំពុងបន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំនេះ៕

 

អត្ថបទ៖ សន រដ្ឋា         រូបភាព៖ ឯកសារ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024