ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រទេសកូរ៉េផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ជូនដល់នគរបាលជាតិកម្ពុជា

៣០ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ត្រូវបានផ្តល់ឲ្យកម្ពុជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យដល់អគ្គស្នងការដ្ឋាននគរជាតិកម្ពុជា ដើម្បីយកទៅពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ 

 


រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ ត្រូវផ្តល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា។

 


ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា  រថយន្តទាំង១២គ្រឿងដែលទទួលបាននៅពេលនេះជាកាយវិការសប្បុរសធម៌មួយហើយក្នុងនាមកងកម្លាំងនគរបាលជាតិ នឹងប្តេជ្ញាចិត្តខិតខំបន្ថែមទៀតអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យកម្ពុជាទទួលបានសុខស្ថេរភាព សុវត្ថិភាពសង្គម ព្រមទាំងរួមចំណែកដើម្បីកសាង សន្តិសុខសណ្តាប់ធ្នាប់មួយរឹងមាំសម្រាប់ស្វាគមន៍ទទួលទេសចរណ៍អន្តរជាតិមកទស្សនានៅក្នុងទឹកដីកម្ពុជា។ 

 


ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណចំពោះ កងកម្លាំងនគរបាលជាតិទាំងអស់ ដែលតែងតែបានចូលរួមលើកស្ទួយគាំទ្រដល់វិស័យទេសចរណ៍្កម្ពុជា តាមរយៈការចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ដល់ភ្ញៀវទេសចរណ៍នៅគ្រប់គោល ដៅទាំងអស់។

 


គួរបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១២គ្រឿងនេះ នឹងត្រូវផ្តល់ជូនបន្តដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៦ រួមមាន ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តរតនគីរី។ ក្រៅពីរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿងដែលផ្តល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិនេះ រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់រថយន្តពេទ្យចំនួន ១១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង សម្រាប់ខេត្តសៀមរាប ខេត្តកំពត ខេត្តព្រៃវែង និងខេត្តកោះកុងផងដែរ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024