ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អគ្គស្នងការនគរបាលជាតិ ដាក់ចេញវិធានការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

០៧ មេសា ២០២១ | ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ណែនាំអោយគ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា។ ក្នុងនោះ ក៏ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ដើម្បីទទួលសំណូមពររបស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។  

 


តាមរយៈកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ ឯកឧត្តម-លោកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំគ្រប់នាយកដ្ឋាន-អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចជា ការធ្វើការប្ដូរវេនប្រចាំការ ២៤លើ២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ និងត្រូវពង្រឹងក្រុមប្រចាំបញ្ជា ដើម្បីទទួលសំណូមពររបស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។

 


ក្រៅពីណែនាំលើការងារធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការអនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី “ ៣ការពារ ៣កុំ “ ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024