ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ករណីនគរបាលឆ្លងកូវីដ-១៩ មានតិចបំផុត ខណៈអ្នកជាសះស្បើយ មានកាន់តែច្រើន

១៨ ឧសភា ២០២១ | ព័ត៌មានជាតិ

ករណីមន្រ្តីនគរបាលឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះ មកដល់ចំនួនតិចតួចបំផុតនាប៉ុន្មានថ្ងៃនេះ ខណៈមន្រ្តីនគរបាល ដែលឆ្លងជំងឺនេះ បានជាសះស្បើយ កាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

 


ជាដំណឹងដ៏គួរឱ្យអបអរសាទរសម្រាប់កងកម្លាំងនគរបាលដែលកំពុងប្រតិបត្តិការអនុវត្តវិធាននានាក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ្បិតអត្រាឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃក្នុងចំណោមមន្រ្តីនគរបាលជាតិបានធ្លាក់ចុះដល់កម្រិតទាបបំផុតនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 


ដោយយោងលើហេតុផលនៃរបៀបរបបការងារគ្រប់គ្រងកងកម្លាំង នាំពាក្យអគ្គស្នងការនគរបាលជាតិ ស្នើសុំមិនផ្ដល់ចំនួនមន្ត្រីនគរបាលដែលបានឆ្លងជំងឺកូវីដ-១៩នោះទេ ដោយគ្រាន់តែបញ្ជាក់ឱ្យដឹងថាទន្ទឹមនឹងអត្រាឆ្លងកូវីដ-១៩លើមន្រ្តីនគរបាលមានការធ្លាក់ចុះនោះ ចំនួនមន្រ្តីដែលជាសះស្បើយមានកាន់តែច្រើន ខណៈមន្រ្តីកំពុងស្ថិតក្នុងការព្យាបាលសុទ្ធតែមានសុខភាពល្អប្រសើរទាំងអស់គ្នា។

 


សូមរំលឹកថាការរកឃើញករណីឆ្លងជំងឹកូវីដ១៩ក្នុងចំណោមមន្រ្តីនគរបាលដែលកំពុងអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីសប្ដាហ៍មុន ដោយភាគច្រើនឆ្លងនៅតំបន់បិទខ្ទប់ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ មួយចំនួនទៀតនៅតាមបណ្ដាខណ្ឌ និងក្រុងតាខ្មៅខេត្តកណ្ដាល។

 


បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន ភ្លាមៗបន្ទាប់ពីមានករណីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពដែលមានកងកម្លាំងឆ្លងកូវីដ-១៩ត្រូវបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាព និងជាពិសេសផ្ដល់ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតដល់កម្លាំងដែលបានបញ្ជូនទៅព្យាបាល និងកំពុងធ្វើចត្តាឡីស័ក។

 


ដោយឡែកនៅក្នុងឱកាសផ្ញើសារជូនកងកម្លាំងនគរបាលជាតិនាទិវារម្លឹកខួបថ្ងៃបង្កើតនគរបាលជាតិ១៦ឧសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសេចក្ដីសួសុខទុក្ខ និងជូនពរឱ្យកងកម្លាំងនគរបាលជាតិដែលកំពុងសំរាកព្យាបាលជំងឺ រាប់ទឺងជំងឺកូវីដ-១៩ សូមឆាប់បានជាសះស្បើយ ហើយមន្រ្តីដែលកំពុងធ្វើចត្តាឡ័ស័កសូមចៀសផុតពីជំងឺឆ្លងនេះ ព្រមទាំងបានចូលរួមរំលែកមណទុក្ខដល់ក្រុមគ្រួសារកងកម្លាំងដែលបានពលីជីវិត រាប់ទាំងដោយសារឆ្លងជំងឺកូវីដ-១៩៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024