ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

ក្រសួងការងារណែនាំដល់ម្ចាស់រោងចក្រ-សហគ្រាស បើកប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ-សហគ្រាស ជូនកម្មករនយោជិតនៅតំបន់បិទខ្ទប់

២២ មេសា ២០២១ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជូនដំណឹង ពីការបើកប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនយោជិត ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

 


បើតាមក្រសួងការងារ ការផ្អាកសកម្មភាពអាជីវកម្មរបស់រោងចក្រ-សហគ្រាសកសិកម្ម និងក្រុមហ៊ុន ដោយសារការអនុវត្តវិធានការបិទខ្ទប់ជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាំឱ្យមានការព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិត។

 


ក្រសួងបន្តថា ដើម្បីធានាផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសសិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់ ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនយោជិតរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។

 


ម្យ៉ាងទៀត ត្រូវបើកផ្ដល់ប្រាក់ឈ្នួលដើមខែមេសា ដែលជាប្រាក់ឈ្នួលគិតពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែមេសា ផ្ដល់ជូនកម្មករនយោជិតរបស់ខ្លួន ប្រសិនបើមិនទាន់បើផ្ដល់នាពេលកន្លងមក។ ការបើកផ្ដល់នេះត្រូវធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់នេះ។ ដោយឡែក ចំពោះប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនយោជិតរបស់ខ្លួនត្រូវធ្វើឡើងតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ សាមគ្គីភាព និងទំនួលខុសត្រូវសង្គមក្នុងគ្រាលំបាករួមនេះ។ ការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ក៏ត្រូវធ្វើក្រោយពេលចប់ស្ថានភាពបិទខ្ទប់នេះដូចគ្នាដែរ។

 


សូមបញ្ជាក់ថា ការរាត្បាតកាន់តែខ្លាំងនៃជំងឺកូវីត១៩ បានរាលដាលដល់តំបន់រោងក្រសហគ្រាសជាច្រើន។ ដើម្បីសម្រួលដល់ការំលំបាករបស់បងប្អូនកម្មករនយោជិត ដែលកំពុងរស់នៅជាក់ស្ដែងតាមបន្ទប់ជូល នៃតំបន់បិទខ្ទប់ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់ជំនួយសង្គមផ្សេងៗ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ។ ទោះបីជាយ៉ាងណាក្រសួងការងារជឿជាក់ថា អ្នកពាក់ព័ន្ធទាំងអស់ នឹងអនុវត្តន៍តាមការណែនាំនេះប្រកបដោយការទទួលខុសត្រូវ និងយោគយល់គ្នា៕


អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024