ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ ប្រកាសអោយកម្មករនិយោជិតជាង ៥២០០នាក់ ទៅបើកប្រាក់ឧបត្ថម្ភ លើកទី៦០

១៣ ឧសភា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតជាង ៥២០០នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលរងវិបត្តិកូវីត១៩។ 

 


ក្នុងចំណោមបងប្អូនកម្មករទាំងជិតចំនួន ៥២៦២នាក់ មកពីរោងចក្រសហគ្រាសទាំង២៩ ដែលព្យួរការងារនេះ គឺវិស័យកាត់ដេរភាគច្រើននៅរាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ខណៈវិស័យទេសចរណ៍ ភាគច្រើននៅខេត្តសៀមរាប ។ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដោយកម្មករនយោជិតទទួលបានចាប់ពី៦ម៉ឺនរៀលដល់១៦ម៉ឺនរៀល និងត្រូវទៅបើកប្រាក់ក្នុងការកំណត់១០ថ្ងៃបន្ទាប់ពីបានទទួលសារតាមទូរសព្ទដៃពីជាដៃគូ ដោយគ្មានចំណាយបង់ថ្លៃសេវាអ្វីឡើយ។

 


ចំពោះកម្មករនិយោជិតរោងចក្រ សហគ្រាសទាំង២៩នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារដៃគូរបស់រាជរដ្ឋាភិបាលទេនោះ កម្មករនយោជិតអាចសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។


របាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ឆ្នាំ២០២០មានរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដោយធ្វើឲ្យប៉ះពាល់ដល់កម្មករនិយោជិតចំនួនប្រមាណ ៧ម៉ឺននាក់ នាក់ ក្នុងនោះស្រីជិត៦ម៉ឺននាក់ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ 

 


ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ រោងចក្របង្កើតថ្មីអាចមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០កន្លងទៅ ខណៈបញ្ហាវត្ថុធាតុដើម សម្រាប់ដំណើរការផលិត ក្នុងវិស័យកាត់ដេរមិនមានការខ្វះខាតទៀតនោះឡើយ។ សូមបញ្ជាក់ថា ចំពោះកម្មករនយោជិតរងការព្យូរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគេរហូតទាល់តែមានសេចក្ដីសម្រេចជាថ្មី។

 


រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ដល់ជីវភាពកម្មករនៅក្នុងបរិបទកូវីត១៩។ ជាក់ស្ដែង នៅថ្ងៃនេះដែរ ក្រសួងការងារបានជូនដំណឹងដល់រោងចក្រសហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរសំលោកបំពាក់ ផលិតស្បែក កាបូប និងផលិតផលធ្វើដំណើរទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពលេខទូរសព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់កម្មករនយោជិតដែលមានឈ្មោះបើកប្រាក់ប្រចាំខែមីនាឆ្នាំ២០២១ជាបន្ទាន់ ដើម្បីអោយពួកគេទទួលបានជំនួយសង្គមជាសាច់ប្រាក់ក្នុងអំឡុងពេលបិទខ្ទប់ពីរាជរដ្ឋាភិបាល។


ក្រសួងការងារបានព្រមានថា បើសិនមានកម្មករនយោជិតណាម្នាក់ ខកខានមិនបានទទួលជំនួយសង្គមជាសាច់ប្រាក់នេះ ម្ចាស់រោងចក្រត្រូវទទួលខុសត្រូវដោយបើកប្រាក់ជំនួយសង្គមដល់កម្មករនយោជិតដោយខ្លួនឯង និងទទួលពិន័យតាមច្បាប់ស្ដីពីការងារ និងច្បាប់ជាធរមានដទៃទៀត៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024