ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងការងារ៖ សហជីពត្រូវដោះស្រាយបញ្ហាលើតុចរចា ចៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

២៨ មិថុនា ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវគិតដល់តុចរចាជាអតិប្បរមា ជៀសវាងឱ្យបានរាល់ការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា។ 

 


ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាអាណត្តិទី៣ រដ្ឋមន្ត្រីក្រសួងការងារឯកឧត្ដម អ៊ិត សំហេង បានលើកឡើងថា កន្លងមកសហជីពមួយចំនួនបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ សម្រាប់បុគ្គល រឺក៏ក្រុមដែលធ្វើការញុះញង់ឲ្យប្រព្រឹត្តហឹង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។ 

 


បើតាមរដ្ឋមន្ត្រីការងារ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ ។

 


ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត សហជីពតំណាងកម្មករនិយោជិត និងនិយោជក ដោយបានដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ ដូចមានចែងក្នុងសៀវភៅផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣។ ក្រៅពីផែនការយុទ្ធសាស្រ្ត ក្រសួងបានបង្កើតស្នាដៃ និងធ្វើកិច្ចការជាក់ស្តែងជាច្រើនក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងការចូលរួមរបស់អង្គការវិជ្ជាជីវៈផងដែរ។

 


សូមបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបង្កើតឡើងនៅពាក់កណ្ដាល់ឆ្នាំ២០០៧ ដោយមានការចូលរួមចងជាសម្ព័ន្ឋភាពពីសហភាពចំនួន០៣ និងសហព័ន្ធចំនួន ០៨  ពោលគឺស្របពេលវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌមានការរីកចំរើន ហើយពេលនោះវិវាទការងារក៏មានការកើតឡើងគួរកត់សំគាល់ផងដែរ ។ បច្ចុប្បន្នសភាសម្ព័ន្ធសហជីពជាតិកម្ពុជា មានការចូលរួមពីសហភាពចំនួន0៧ និងសហព័ន្ធសហជីព សមាគម អង្គការ ចំនួន៥៦ និងមានសមាជិកសរុប គ្រប់វិស័យជាង ៤៥ម៉ឺននាក់ ៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ក្រសួងការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024