ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារអនុញ្ញាតឱ្យកម្មករឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២

២៦ ឧសភា ២០២១ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ ក្នុងប័ណ្ណចាក់វ៉ាក់សាំងរបស់ពួកគេ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាល ចេញផ្សាយ កាលពីម្សិលមិញនេះ។

 


តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ  ការសម្រេចបែបនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។ ដូច្នេះម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

 


ក្រសួងបន្តថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាត ឱ្យកម្មករនិយោជិត បានសម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ កម្មករនិយោជិត ជូនដំណឹងមកក្រសួងជាបន្ទាន់។

 


ដោយឡែកក្រសួងបន្ថែមថា ការរារាំងបុគ្គលណាម្នាក់ មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ច្បាប់ស្តីពីការងារ, និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ 

 


ដូចនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវជួយជំរុញ និងអនុញ្ញាត ឲ្យកម្មករនិយោជិត ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំង។ បើមិនដូច្នេះ ម្ចាស់ ឬរោងចក្រ សហគ្រាស នឹងត្រូវទទួលពិន័យជាប្រាក់ និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។

 


សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានកម្មកររោងចក្រកាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ រាប់ម៉ឺននាក់បានចាក់វ៉ាក់សាំងកូវីត១៩រួចហើយជាពិសេសនៅតំបន់ក្រហម ទោះបីការចាក់វ៉ាក់សាំងលែងជាលក្ខណ្ឌ នៃការចូលធ្វើការងារឡើងវិញយ៉ាងណាក៏ដោយ។ ជាងនេះទៅទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ ដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩រួច មេត្តាថែរក្សាប័ណ្ណចាក់វ៉ាក់សាំងឲ្យបានល្អ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍នៅពេលខាងមុខ៕


អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024