ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

នាឡិកាពិសេសៗរបស់តួរាំបូ Sylvester Stallone ដាក់លក់ដេញថ្លៃខ្ទង់ម៉ឺនដុល្លារ

០៩ ឧសភា ២០២៤ | កម្សាន្ដ

 

នាឡិកាដៃពិសេសៗរបស់កំពូលតារាសម្ដែង Sylvester Stallone ដែលទស្សនិកជនភាគច្រើនបានស្គាល់ថាជាតួរាំបូ នឹងត្រូវដាក់លក់ដេញថ្លៃក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារ។

 


តារាហូលីវូដលំដាប់ A លោក Sylvester Stallone (ស៊ីលវេស្ទើ ស្តាឡូន) គ្រោងដាក់លក់ដេញថ្លៃនូវនាឡិកាប្រណីតល្បីៗរបស់លោកតាមរយៈក្រុមហ៊ុន Sotheby's (សូថឺប៊ីស៍) ក្នុងខែមិថុនាខាងមុខនេះ។

 

 

យោងតាមក្រុមហ៊ុនដេញថ្លៃនេះ Collection នាឡិការបស់តារាសម្ដែងនេះសុទ្ធតែមានអាយុរាប់ទសវត្សរ៍ មានដូចជាម៉ាក Cartier (ខាធីអឺ), Audemars Piguet (អូដឺម៉ាស ភីហ្កេត), Rolex (រ៉ូឡេកស៍) និង Panerai (ផេនើរ៉ាយ) ដែលសុទ្ធសឹងជាម៉ាកដែលលោកធ្លាប់ធ្វើជាអ្នកផ្សព្វផ្សាយ។

 

 

ក្នុងនោះដែរក៏មាននាឡិកា limited edition ដែលរចនាឡើងសម្រាប់លោកជាពិសេស និងនាឡិកាមួយដែលលោកពាក់ក្នុងរឿង “Expendables 2” ផងដែរដែលនឹងត្រូវដាក់លក់នៅខែក្រោយ។ យោងតាមក្រុមហ៊ុន Sotheby's យ៉ាងហោចណាស់នាឡិកា ១១ គ្រឿងរបស់លោកនឹងត្រូវដាក់ដេញថ្លៃ។

 

 

គួររំឭកថា នាឡិកាពីមុនៗដែលផលិតសម្រាប់សម្រាប់តារាសម្ដែង Sylvester Stallone ធ្លាប់ត្រូវបានដេញថ្លៃដោយ Sotheby's កាលពីប៉ុន្មានឆ្នាំមុន ដោយអាចលក់បានក្នុងតម្លៃចន្លោះពី ១ម៉ឺន ទៅ ១ម៉ឺន៥ពាន់ដុល្លារ។

 

 

បច្ចុប្បន្នមានវ័យ ៧៧ឆ្នាំ លោក Sylvester Stallone ត្រូវបានចាត់ទុកថាជានិម្មិតរូបមួយរូបក្នុងវិស័យកុនហូលីវូដ ដោយរយៈពេលជាង ៦ទសវត្សរ៍ក្នុងអាជីពសម្ដែងលោកបានសាងភាពល្បីល្បាញតាមរយៈស៊េរីភាពយន្តល្បីៗជាច្រើនដូចជា "Rocky”, “The Expendables”, “First Blood” និងស៊េរីរឿង "Rambo” ជាដើម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024