ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ភាពយន្តភាគកូរ៉េ “Queen of Tears” ប្រើបច្ចេកវិទ្យា AI ច្រើនដើម្បីបង្កើតឆាក

០៨ ឧសភា ២០២៤ | កម្សាន្ដ

ភាពយន្តភាគកូរ៉េ “Queen of Tears” កំពុងទទួលបានការពេញនិយមខ្លាំងបំផុតនាពេលនេះ ប៉ុន្តែទស្សនិកជនភាគច្រើនប្រហែលមិនដឹងឡើយថាឈុតឆាកជាច្រើនក្នុងរឿងនេះត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI។

 


ភាពយន្តភាគ “Queen of Tears” របស់ទូរទស្សន៍កូរ៉េ tvN ដែលសម្ដែងដោយតួឯកប្រុសស្រីល្បីឈ្មោះ Kim Soo Hyun (គីម ស៊ូយុន) និង Kim Ji-won (គីម ជីវ៉ុន) បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីបង្កើតរូបភាពប្រកបជាច្រើនដើម្បីឱ្យឈុតឆាកនីមួយៗកាន់តែមានភាពទាក់ទាញ។ 

 


ផ្អែកតាមផលិតករផ្នែករូបភាពនិម្មិតប្រចាំក្រុមហ៊ុនកម្សាន្ត CJ ENM គឺលោក An Hee-soo (អាន ហ៊ីស៊ូ) បានឱ្យដឹងការឈុតឆាកមួយចំនួនដែលអ្នករចនាក្រាហ្វិកមនុស្សពិបាកនឹងធ្វើឱ្យដូចជាពិតៗបានដូចជាឆាកព្រៃមានព្រិលធ្លាក់ ឬរូបភាពទេសភាពអគារខាងក្រៅកញ្ចក់រថយន្តពេលតួអង្គកំពុងបើកបរ សុទ្ធតែត្រូវការប្រើ AI ជាជំនួយ។

 


បច្ចេកវិទ្យានេះអាចទៅរួចដោយសារតែ CJ ENM ដែលជាក្រុមហ៊ុនមេរបស់ tvN មានស្ទូឌីយោរូបភាពនិម្មិតផ្ទាល់ខ្លួនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២។ស្ទូឌីយោនេះមានឆាកនិម្មិតហៅថា "Virtual Production Stage" ឬ VP Stage ដែលត្រូវបានបំពាក់ដោយអេក្រង់ជាច្រើនរួមទាំងអេក្រង់កោង LED ខ្នាតធំមានអង្កត់ផ្ចិត ២០ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ។

 


ផលិតករ An Hee-soon បានឱ្យដឹងទៀតថាកន្លងមករឿងភាគនិងភាពយន្តជាច្រើនបានប្រើបច្ចេកវិទ្យា Green Screen ដោយឱ្យតួអង្គត្រូវសម្ដែងជាមួយផ្ទៃពណ៌បៃតងរួចទើបបញ្ចូលរូបភាពផ្សេងៗតាមក្រោយ ប៉ុន្តែជាមួយបច្ចេកទេស VP Stage រូបភាពផ្សេងៗនឹងលេចចេញលើផ្ទាំង LED នៅពេលថត ដូច្នេះតួសម្ដែងនឹងងាយស្រួលដាក់អារម្មណ៍ក្នុងការសម្ដែងជាងមុន ហើយការកាត់តក្រោយពេលថតក៏មិនសូវស្មុគស្មាញដូចមុនដែរ។

 


ផ្អែកតាម CJ ENM ភាពយន្តភាគ “Queen of Tears" បានបំបែកកំណត់ត្រា rating ឬអត្រាអ្នកទស្សនាខ្ពស់បំផុតសម្រាប់ប៉ុស្តិ៍ tvN និងបានជាប់ជារឿងភាគមិនមែនភាសាអង់គ្លេសលំដាប់កំពូលទាំង ១០ របស់ Netflix រយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា។

 

 

មិនត្រឹមតែរឿងភាគមួយនេះទេ ប៉ុន្តែកន្លងមកមានភាពយន្ត និងកម្មវិធីទូរទស្សន៍ជាង ៥០ រួមទាំងកម្មវិធីពានរង្វាន់ MAMA បានធ្វើការថតនៅស្ទូឌីយោ AI មួយនេះ និងបន្តកើនឡើងកាន់តែច្រើនទៀតក្នុងឆ្នាំនេះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024