ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគតម្លៃទឹកប្រាក់ជាង ៧៤៦លានដុល្លារ ក្នុងរយៈពេល ២ខែ

០៣ មីនា ២០២១ | សេដ្ឋកិច្ច

 

ទោះបីកម្ពុជា ជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែប៉ះពាល់ដល់សកលលោកក្តី ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគ ២៧គម្រោង ដែលមានតម្លៃទឹកប្រាក់ជាង ៧០០ លានដុល្លារអាមេរិក។

 

 

យោងតាមរបាយការណ៍ ដែលបានដកស្រង់ចេញពី គេហទំព័របណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបូកបញ្ចូលគ្នា គិតពីខែមករាដល់ខែកុម្ភៈនេះ បង្ហាញថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនសរុប ២៧ ជាមួយនឹងទុនវិនិយោគជាង ជាង ៧៤៦ លានដុល្លារ។

 

 

ក្រុមហ៊ុន និងរោងចក្រ ដែលទទួលបានការសម្រេចនេះមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ឆ្នាំង កំពត និងកោះកុង ។

 


មូលដ្ឋានដែលអាចទាក់ទាញការវិនិយោគបន្ថែមពេលនោះគឺការរៀបចំច្បាប់វិនិយោគថ្មី និងការរៀបចំបទបញ្ញាត្តិពាក់ព័ន្ធដ៏ទៃទៀតដែលគាំទ្រដល់ការវិនិយោគ ហើយក៏រំពឹងថាច្បាប់វិនិយោគថ្មីនឹងបង្កើនភាពទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនក្នុងការសម្រេចបោះទុនវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។

 


បន្ថែមលើនេះបើតាម ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា លទ្ធផលនេះ គឺជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ១៩ និងវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រដ្ឋាភិបាលការដំណើងការគ្រប់គ្រងកែលម្អ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

 


ប៉ុន្តែយ៉ាងណាសម្រាប់ឆ្នាំ២០២០ កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨.២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ១២% ធៀបនឹងឆ្នាំ២០១៩៕
 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024