ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ខេត្តព្រះសីហនុ អាចក្លាយជាតំបន់ឧស្សាហកម្មដ៏ធំរបស់កម្ពុជា បន្ទាប់ពីមានការវិនិយោគពីចិន

០៩ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

មន្ត្រីជាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ខេត្តព្រះសីហនុ មិនត្រឹមតែជាប៉ូលសេដ្ឋកិច្ចទេសចរណ៍សំខាន់តែមួយប៉ុណ្ណោះទេ តែវាជាទីតាំងវិនិយោគឧស្សាហកម្ម មួយដ៏ធំ សម្រាប់ថ្ងៃខាងមុខ និងបន្តបន្ទាប់គ្នានោះ គឺខេត្តសៀមរាប ខណៈហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ត្រូវរាជរដ្ឋាភិបាលអភិវឌ្ឍន៍រួចជាស្រេច ដើម្បីគាំទ្រដល់អ្នកវិនិយោគក្នុងដំណើរការពាណិជ្ជកម្មមានភាពងាយស្រួល។

 


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុ មិនមែនគ្រាន់តែជាតំបន់ទេសចរទេ តែជាកន្លែងផលិតមួយធំ ហើយប្រសិនបើមានការផ្ទេរវិនិយោគពីចិនមកកម្ពុជា ពិតណាស់ ព្រះសីហនុ អាចជាគោលដៅវិនិយោគនាំមុខទី១ មិនមែនភ្នំពេញនោះឡើយ។

 


ឯកឧត្តមបញ្ជាក់ថា ព្រះសីហនុ ជាទីតាំងអំណោយផលផ្នែកកំពុងផែរផ្តល់ភាពងាយស្រួលចំពោះដំណើរការផលិតនិងនាំចេញ ដូចជាបញ្ហាអគ្គីសនី បញ្ហាទឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដែលបម្រើដល់ការដឹកជញ្ជូនគឺប្រសើរបំផុត ដែលអាចនិយាយបានថា ព្រះសីហនុ នៅថ្ងៃខាងមុខប៉ូតង់ស្យែលខាងផ្នែកឧស្សាហកម្មគឺធំបំផុត ក្រោយពីមានការផ្ទេរវិនិយោគពីចិន។

 


អ្នកជំនាញអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាធ្លាប់បានគូសបញ្ជាក់ឲ្យដឹងដែរថា ខេត្តព្រះសីហនុអាចប្រើពេលវេលាមិនលើសពី៣ឆ្នាំទៀតនោះឡើយ នឹងចាប់ផ្តើមវិលត្រឡប់មករកសភាពដើមវិញសម្រាប់អ្នកវិនិយោគ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តមួយនេះត្រូវបានរដ្ឋាភិបាលចំនាយប្រាប់រាប់សិបលានដុល្លារក្នុងការអភិវឌ្ឍន៍ខេត្តមួយនេះ។

 


អ្នកឧកញ៉ា សៀ ប្ញទ្ធី អគ្គនាយកក្រុមហ៊ុនវើលប្រ៊ីដ គ្រុបបានប្រាប់ភីអិនអិនថា សម្រាប់អ្នកវិនិយោគខេត្តព្រះសីហនុពិតណាស់នឹងវិញមករកសភាពដើមវិញដោយនឹងត្រូវចំណាយពេលវេលាមិនលើសពី៣ឆ្នាំទៀតឡើយ ហើយទន្ទឹមនឹងនេះដែរអ្នកវិនិយោគក៏គួរតែចាប់យកឱកាសដើម្បីធ្វើការវិនិយោគខេត្តសក្តានុពលសេដ្ឋកិច្ចមួយនេះឲ្យទាន់ពេលវេលា ជៀសវាងការស្តាយក្រោយនៅពេលខាងមុខ។

 


ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងដែរថា ខេត្តព្រះសីហនុបានក្លាយជាទិសដៅដ៏មានប្រជាប្រិយបំផុត សម្រាប់អ្នកវិនិយោគ និងជាតំបន់មួយដែលត្រូវបានគេឃើញថាមានការកើនឡើងខ្លាំងនៃការវិនិយោគ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយក៏នឹងបន្តរីកចម្រើនថែមទៀតក្រោយពីវិបត្តិកូវីដ ផុតរលត់ទៅ។

 


ប៉ុន្តែយ៉ាងណាបើតាម ឯកឧត្តម វង្សី វិស្សុត ក្នុងដំណាក់កាលដំបូងនេះខេត្តព្រះសីហនុ  មានចំណុចខ្សោយតែមួយគត់គឺធនធានមនុស្ស ប៉ុន្តែធនធានមនុស្សនេះអាចដោះស្រាយបាននៅពេលបន្ទាប់៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024