ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញថា ទីផ្សារលំនៅដ្ឋានឆ្នាំ២០២១ អាចនឹងងើបឡើងវិញក្នុងល្បឿនយឺត

២០ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ទីផ្សារលំនៅឋាននៅកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវរំពឹងថា នឹងងើបឡើងវិញក្នុងល្បឿនមួយនៅយឺតនៅឡើយ ខណៈមានក្តីបារម្ភពីការអូសបន្លាយពេលនៃជំងឺកូវីដ១៩។

 

លោក ប៉ូ អាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ អេតវ៉ាន់ រៀលអេស្ទេត បានគូសបញ្ជាក់ថា នៅដើមឆ្នាំ២០២១ នេះទីផ្សារលំនៅដ្ឋាន មានផ្ទះល្វែង ខុន ដូ និងអាផាតមិន នៅមានត្រូវការ ប៉ុន្តែមិនមានសន្ទុះងើបឡើងខ្ពស់ដូចមុនពេលមានវិបត្តិជំងឺផ្តាសាយសកលកូវីដ១៩ ប៉ុន្តែនៅតែបង្ហាញពីភាពរឹងមាំដោយមានការចូលរួមបោះទុនវិនិយោគជាបន្តបន្ទាប់ពីសំណាក់វិនិយោគិនក្នុងស្រុក។

 

លោកបញ្ជាក់ថា ដោយសារតែភាពមិនច្បាស់លាស់ថាតើការរីករាលដាល់នៃជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់ទៅវិញនៅពេលណា ដែលជាហេតុធ្វើឲ្យកំណើនទីផ្សារលំនៅដ្ឋាននៅដើមឆ្នាំនេះនៅមិនទាន់ទូលាយ តែយ៉ាងណាទីផ្សារនេះក៏បានធ្វើដំណើរកើនឡើងវិញសន្សឹមៗ ដោយគិតថាត្រូវការពេលវេលាចន្លោះពីកន្លះឆ្នាំទៅ១ឆ្នាំទៀតដែរ។

 

លោកប៉ូ អាវគង់ បានរំលឹងលើកឡើងទៀតថា កាលពីឆ្នាំ២០២០ សកម្មភាពទីផ្សារលំនៅដ្ឋានហាក់បង្ហាញពីការលូតលាស់យឺតបន្តិច ប៉ុន្តែយ៉ាងណាការអភិវឌ្ឍន៍អលនទ្រព្យ នៅតាមបណ្តាខេត្ត ជាពិសេសខេត្តសក្តានុពលទេសចរនៅតែបង្ហាញពីសកម្មភាពវិនិយោគខ្លាំង។ 

 


យ៉ាងណាជាការអះអាងរបស់អ្នកជំនាញ នៅឆ្នាំ២០២១ ទីផ្សារលំនៅដ្ឋានជាក់ស្តែងមានការកើនឡើងក្នុងទម្រង់មួយយឺតក្នុងឆមាសទី១ តែវាអាចនឹងសន្ទុះទៅមួយដំណាក់ទៀតសម្រាប់ឆមាសទី២ ស្របពេលដែលសកម្មភាពអាជីវកម្មភាគច្រើនក៏បានចាប់ផ្តើមដំណើរការឡើងវិញ ទាំងនៅរាជធានី និងនៅតាមបណ្តាខេត្ត។

 


លោកប៉ូ អាវគង់ បានឲ្យដឹងទៀតថា តម្លៃលំនៅឋាននាដើមឆ្នាំ២០២១ នេះអាចនឹងមិនទាន់កើនឡើងទេ ព្រោះអតិថិជនមួយចំនួននៅមានភាពស្ទាក់ស្ទើរដោយពួកគេរង់ចាំមើលស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ ជាមុនសិន។ ទោះយ៉ាងណា តម្លៃលំនៅឋានអាចនឹងចាប់ផ្តើមកើនឡើងវិញនៅឆមាសទី២។

 


សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្យាករថា នៅឆ្នាំ២០២១ នេះវិស័យសំណង់នឹងមានកំណើនងើបឡើងវិញជាវិជ្ជមានក្នុងវង្វង់ជិត៣ភាគរយ ខណៈឆ្នាំ២០២០ វិស័យសំណង់មួយនេះបានធ្លាក់ចុះរហូតជាង ២ភាគរយ៕
 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024