ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បង្ហាញពីក្តីបារម្ភពីទីផ្សារស្វាយចន្ទី ខណៈមើលឃើញពីកំណើននៃការដាំកើនឡើង

២៤ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបង្ហាញពីក្តីបារម្ភអំពីទីផ្សារស្វាយចន្ទីថា នឹងជួបបញ្ហាប្រឈមបាត់បង់ទីផ្សារ ឬអាចប្រឈមនិងហានិភ័យខ្ពស់ នៅថ្ងៃខាងមុខ ក្នុងករណីដែលប្រទេសអ្នកបញ្ជារទិញ ផ្អាកទិញពីប្រជាកសិករកម្ពុជា ដូចទៅនឹងការបាត់បង់ទីផ្សារស្រូវរបស់កម្ពុជា កាលពីឆ្នាំ២០១០។

 

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើកឡើងពីបញ្ហាប្រឈមនៃទីផ្សារស្វាយចន្ទី បែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងសមាគមន៍ស្វាយចន្ទីកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនសាន់តាណា និងតំណាងក្រុមហ៊ុនឯកជនដទៃទៀត និង តំណាងអង្គការដែលកំពុងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងគម្រោងស្វាយចន្ទី។


ឯកឧត្តមកៅ ថាច បានអះអាងថា ដោយមើលឃើញថាបច្ចុប្បន្ននេះបងប្អូនប្រជាកសិករនៅតាមតំបន់មួយចំនូន បានធ្វើការកាប់ដំណាំម្រេច កៅស៊ូ ឬ ដំណាំមួយចំនួនដើម្បីធ្វើការពង្រីកដាំដុះស្វាយចន្ទី ដែលគិតពីផ្ទៃដីនៃការដាំដុះស្វាយចន្ទីមានចំនួនជិតកន្លះលានហិកតា ដែលទិនន័យនេះរួមស្វាយចន្ទីកំពុងដាំដុះ និងកំពុងប្រមូលផល។ 

 


ឯកឧត្តមបន្តថា និន្នាការផ្លាស់ប្តូររបស់ប្រជាកសិករងាកមកដាំដំណាំស្វាយចន្ទីនេះបានធ្វើឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមានការព្រួយបារម្មណ៍ថា នៅថ្ងៃខាងមុខកសិករដាំដុះស្វាយចន្ទីអាចប្រឈមមុខនឹងការបាត់បង់ទីផ្សារ ឬអាចប្រឈមនិងហានិភ័យខ្ពស់ក្នុងករណីដែលប្រទេសទាំងនោះឈប់បញ្ជារទិញ ឬផ្អាកទិញពីកសិករកម្ពុជា ខណៈបច្ចុប្បន្នទីផ្សារស្វាយចន្ទីរបស់កម្ពុជាពឹងផ្អែកទាំងស្រុងពីការប្រមូលទិញពីឈ្មួញប្រទេសជិតខាង។ 

 


ជុំវិញនឹងបញ្ហានេះ លោកស្រី អិន ឡៃហួត ម្ចាស់សិប្បកម្មម្ចាស់សិប្បកម្មស្វាយចន្ទីម៉ាដាមហួត នៅខេត្តកំពង់ធំបានឲ្យដឹងថា ប្រជាកសិករដាំស្វាយចន្ទីបច្ចុប្បន្នធ្វើការដាំដុះស្វាយចន្ទីតាមលទ្ធភាពដែលខ្លួនអាចធ្វើបានដែលភាគច្រើននៃការគិតរបស់ពួកគាត់ក៏ដូចជាខ្លួនអ្នកស្រីផ្ទាល់គិតថា ដំណាំស្វាយចន្ធីមានភាពល្អប្រសើរជាងដំណាំផ្សេងៗ ទាំងការថែទាំ ការរក្សាផលទុក ក៏មានភាពងាយស្រួល បើទោះបីគ្មានទីផ្សារក៏អាចរក្សាទុករងចំាទីផ្សាររយៈពេល១ឆ្នាំបានដែរ។

 


លោកស្រី អិន ឡៃហួត បញ្ជាក់ថា ស្វាយចន្ទីមិនដែលមានពេលថា សល់គ្រាប់ថាលក់មិនចេញនោះឡើយ។ ប៉ុន្តែបើធ្លាក់ថ្លៃវិញក៏មិនធ្លាក់ថ្លៃដល់ថ្នាក់ ១ពាន់រៀល ទៅ២ពាន់រៀល ក្នុង១គីឡូក្រាមនោះដែរ។

 


របាយការណ៍ក្រសួងកសិកម្មបង្ហាញថា លទ្ធផលនៃការនាំចេញគ្រាប់ស្វាយចន្ទីឆ្នាំ២០២០ សម្រេចបានជាង ២១ម៉ឺន៨ពាន់តោន កើនឡើងជាង ៨ភាគរយធៀបនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែជាង២០ម៉ឺនតោនប៉ុណ្ណោះ៕

 

 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024