ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគតម្លៃទឹកប្រាក់ជាង ១៧១លានដុល្លារ ក្នុងរយៈពេល ២សប្តាហ៍នៃខែកុម្ភៈ

១៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

យោងតាមរបាយការណ៍ដែលបានដកស្រង់ចេញពីគេហទំព័របណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានបូកបញ្ចូលគ្នាគិតចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈនេះបង្ហាញថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនសរុប ១២ ជាមួយនឹងទុនវិនិយោគជាង ១៧១ លានដុល្លារ ដោយបង្កើតការងារសរុបជាង ៨ពាន់កន្លែង។

 


ក្រុមហ៊ុន និងរោងចក្រ ដែលទទួលបានការសម្រេចនេះមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ឆ្នាំង និងកំពត។

 


ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា លទ្ធផលនេះ គឺជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ១៩ និងវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រដ្ឋាភិបាលការដំណើងការគ្រប់គ្រងកែលម្អ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

 


សូមជម្រាបថា មូលដ្ឋានដែលអាចទាក់ទាញការវិនិយោគបន្ថែមទៀតនោះគឺការរៀបចំច្បាប់វិនិយោគថ្មី និងការរៀបចំបទបញ្ញាត្តិពាក់ព័ន្ធដ៏ទៃទៀតដែលគាំទ្រដល់ការវិនិយោគ ហើយក៏រំពឹងថាច្បាប់វិនិយោគថ្មីនឹងបង្កើនភាពទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនក្នុងការសម្រេចបោះទុនវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។

 


យ៉ាងណាបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស នៅឆ្នាំ២០២០ធ្លាក់ចុះមកដក ១២ ភាគរយ និងបើគិតពីតម្លៃទឹកប្រាក់នៃការវិនិយោគប្រមាណ៣.២ ប៊ីលានដុល្លារអាមេរិក ប្រហែល ១២ភាគរយនៃGDP ប៉ុណ្ណោះ។

 


ការថយចុះនេះស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ បើធៀបនឹងការព្យាករ របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលបានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេស នៅក្នុងពិភពលោក ត្រូវថយចុះប្រមាណ ៤២% នៅក្នុងឆ្នាំ២០២០។

 


សម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨.២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ១២% ធៀបនឹងឆ្នាំ២០១៩។

 


ប៉ុន្តែសម្រាប់ខែមករា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង ដែលមានទុនវិនិយោគ សរុបចំនួនប្រមាណ ៦២១លានដុល្លារអាមេរិក ពោលគឺមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលគម្រោងវិនិយោគមានចំនួន ១៧គម្រោង និងទុនវិនិយោគប្រមាណ ៩៣លានដុល្លារអាមេរិក៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024