ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីមហាផ្ទៃ បណ្ដេញជនជាតិចិន ជាម្ចាស់កាសែត ដែលផ្សាយថា កម្ពុជាលក់វ៉ាក់សាំងជំនួយចិន

២៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសនៅព្រឹកថ្ងៃទី២៥កុម្ភៈនេះ សម្រេចបណ្តេញជនជាតិចិនម្នាក់ ជាម្ចាស់កាសែត Angkor Today ទៅប្រទេសចិនវិញ បន្ទាប់ពីបានផ្សាយថា កម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយពីប្រទេសចិន។ បើតាមប្រកាស រដ្ឋមន្ត្រីមហាផ្ទៃ កំណត់ហាមឃាត់ជនជាតិចិនរូបនេះ លែងឲ្យចូលកម្ពុជាសាជាថ្មី។ 

 


លោក Shen Kaidong ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បណ្តេញចេញ និងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញ បន្ទាប់ពីស្ថាប័នព័ត៌មានរបស់លោក បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។ 


គួររម្លឹកថាក្រោយការចេញផ្សាយអត្ថបទនេះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនជាតិចិនរូបនេះ នៅថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ និងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពោលគឺមួយថ្ងៃមុនប្រកាសបណ្ដេញចេញ។

 


នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានចេញប្រកាសដាច់ដោយឡែកមួយទៀតសម្រេចដកអាជ្ញាបណ្ណរបស់កាសែត Angkor Todayរបស់លោក Shen ផងដែរ។


បើតាមប្រកាសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ការដកអាជ្ញាបណ្ណនេះ គឺម្ចាស់កាសែត  Angkor Today បានផ្សាយព័ត៌មានបំភ្លៃការពិត មានចេទនាទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចលក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ កិត្យានិភាពរាជរដ្ឋាភិបាល បំពានលើវិជ្ជាជីវៈ និងកិសន្យាជាមួយក្រសួង។

 


គួរកត់សំគាល់ដែរថា ក្នុងសារជាសំឡែងផ្ញើទៅកាន់ក្រុមអ្នកកាសែតលើបណ្តាញទំនាក់ទំនាងតេឡេក្រាម លោំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធចំពោះការចុះផ្សាយរបស់កាសែត Angkor Today និង បានស្នើឲ្យអាជ្ញាធរ ចាត់វិធានការផ្លូវច្បាប់ចំពោះការចុះផ្សាយនេះ។

 


សូមបញ្ជាក់ថា មកដល់នៅថ្ងៃទី២៥ កុម្ភៈនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនម្ចាស់លាសែត Angkor Today មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃហើយ ដើម្បីរៀបចំនិតិវិធីបណ្ដេញចេញតាមប្រកាសរដ្ឋមន្ត្រី៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024