ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីមហាផ្ទៃ ផ្ដល់ពូជស្រូវ ពូជបន្លែជូនពលរដ្ឋ ៧ពាន់គ្រួសារ និងផ្ដាំឱ្យខិតខំដាំដុះពង្រឹងជីវភាពគ្រួសារ

១៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះផ្ដល់ពូជស្រូវ ពូជបន្លែ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ ៧ពាន់គ្រួសារ នៅខេត្តព្រៃវែង។ ភ្ជាប់នឹងការផ្ដល់ពូជស្រូវ ពូជបន្លែ សម្ដេចក្រឡាហោមបានផ្ដាំផ្ញើប្រជាពលរដ្ឋ ខិតខំដាំដុះបង្កបង្កើនផល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ។

 


យ៉ាងហោចណាស់ មានពលរដ្ឋ ៧ពាន់គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងក្នុងខេត្តព្រៃវែង ទទួលនូវពូជស្រូវ ពូជបន្លែ ព្រមទាំងអំណោយមួយចំនួនទៀតពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីតាំងជួបជុំ២កន្លែងផ្សេងៗនាថ្ងៃព្រហស្បតិ៍នេះ គឺមួយទីទាំងរៀបចំនៅស្រុកបាភ្នំ និងមួយទីតាំងទៀតរៀបចំនៅបរិវេនសាលាខេត្តព្រៃវែង។

 


ទន្ទឹមនឹងការផ្ដល់ជូនពូជស្រូវមួយគ្រួសារ១០០គីឡូក្រាម និងពូជបន្លែមួយគ្រួសារ៤កញ្ចប់ មានស្ពៃខៀវ ស្ពៃចង្កឹះ ត្រប់ និងត្រកូន សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋខិតខំយកពូជស្រូវ និងបន្លែទាំងនោះ ទៅដាំដុះបង្កបង្កើនផល យ៉ាងហោចណាស់ដើម្បីផ្កត់ផ្គង់តម្រូវការម្ហូប និងស្បៀងអាហារក្នុងគ្រួសារ ឬសម្រាប់លក់ចែកជូនអ្នកភូមិ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចគ្រួសារ។

 


បើតាមសម្ដេចក្រឡាហោម ការខិតខំដាំដុះ បង្កបង្កើនផល ដើម្បីជួយពង្រឹងសេដ្ឋកិច្ច ឬជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនីមួយៗ មានន័យថាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចសង្គម និងប្រទេសជាតិ ដ្បិតនៅពេលប្រជាពលរដ្ឋមានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានជីវភាពប្រសើរឡើងបន្តិចម្ដងៗ មានន័យថាប្រទេសជាតិទាំងមូល មានពលរដ្ឋដែលមានសុខភាព និងមានក្ដានុពលរុញច្រានការអភិវឌ្ឍប្រទេស។

 


ជំនន់ទឹកភ្លៀងកន្លងទៅក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រជាកសិករនៅខេត្តព្រៃវែងដែរ។ បើតាមរបាយការណ៍អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង ជំនន់ទឹកភ្លៀងបានប៉ះពាល់ពលរដ្ឋ៧ក្រុងស្រុក ក្នុងនោះបើរាប់តែផលប៉ះពាល់លើដំណាំស្រូវ គឺស្រុកបាភ្នំខូចខាត៦២៦ហិកតា, ស្រុកកំពង់ត្របែក៧៣៦ហិកតា, ស្រុកមេសាង៣៧៦ហិកតា, ស្រុកពាមរក៍៤៦៥ហិកតា, ស្រុកព្រះស្ដេច៥៧៦ហិកតា, ស្រុកពោធិ៍រៀង៣៦១ហិកតា និងក្រុងព្រៃវែង៣៦០កហិកតា។

 


សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាទឹកជំនន់វាយប្រហារ ពេលនេះសម្ដេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញបេសកកម្មផ្ដល់ពូជស្រូវ ពូជដំណាំ និងពូជសត្វចិញ្ចឹម ចែកជូនប្រជាពលរដ្ឋជាកិច្ចការអាទិភាព ដើម្បីផ្ដល់លទ្ធភាពឱ្យពលរដ្ឋចាប់ផ្ដើមការកសាងជីវភាពឡើងវិញ ក្រោយពីរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង។ 


សម្ដេចតេជោបានត្រៀមចុះជួបចែកអំណោយទាំងនេះជូនពលរដ្ឋដោយផ្ទាល់ ប៉ុន្តែព្រឹត្តិការណ៍ ៣វិច្ឆិកាបានតម្រូវឱ្យសម្ដេចត្រូវធ្វើចត្តាឡីស័ក ដោយចាត់តាំងតំណាងមានសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ហ៊ុន  ម៉ាណែត ចុះចែកជូនពលរដ្ឋជាបន្តបន្ទាប់ នៅគ្រប់តំបន់ដែលមានពលរដ្ឋរងគ្រោះ៕

 

អត្ថបទ៖ រ៉េន រតនៈ         រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024