ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីមហាផ្ទៃ ជួបក្រុមហ៊ុនអាមេរិក ពិភាក្សាពីការពង្រីកទំហំវិនិយោគ និងផ្លែផ្កាសហប្រតិបត្តិការ

២៨ កញ្ញា ២០២០ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃសុក្រ ទី២៥ កញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។ តំណាងក្រុមហ៊ុនអាមេរិកចំនួន ៦ នៅកម្ពុជា បានជម្រាបបង្ហាញគោលបំណងពង្រីកការវិនយោគ ខណៈសម្ដេចក្រឡាហោម ស ខេង ឯណោះវិញ ក៏បានសម្ដែងការគាំទ្រ។

 


ក្នុងជំនួប ដែលបានធ្វើឡើង តាមប្រព័ន្ធសន្និសីទវីដេអូ នាព្រឹកមិញនេះ តំណាងក្រុមហ៊ុនធំៗចំនួន៦របស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Conoco Phillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Ford ក្រុមហ៊ុន Bell Textron ក្រុមហ៊ុន Visa និងក្រុមហ៊ុន Pernod Ricard បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពីគោលបំណងពង្រីកវិសាលភាពនៃការវិនិយោគនៅកម្ពុជាឱ្យបានខ្លាំងក្លាលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿយយន្ត សេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនផលិតនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត។

 


ឯកឧត្តមបានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះវត្តមាន និងការចង់ពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ដោយសម្ដេចបានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បាន និងកំពុងខិតខំប្រឹងប្រែងរៀបចំទាំងលើទិដ្ឋភាពគោលនយោបាយច្បាប់ បទដ្ឋានគតិយុត្តិ ក៏ដូចជាការដាក់ចេញយន្តការអនុវត្តជាក់ស្ដែង ជាពិសេសយន្តការពង្រឹងការអនុវត្តច្បាប់ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវកត្តាសន្តិសុខដែលជាកត្តាគន្លឹះក្នុងការបង្កលក្ខណ្ឌអំណោយផលសម្រាប់ការទាក់ទាញការវិនិយោគមកពីក្រៅប្រទេស រួមទាំងសហរដ្ឋអាមេរិកឱ្យកាន់តែខ្លាំងក្លា រួមចំណែករក្សាលំនឹងសេដ្ឋកិច្ចនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។

 


បើតាមអ្នកនាំពាក្យ គោលបំណងរបស់ក្រុមហ៊ុនអាមេរិកបានទទួលការពេញចិត្ត និងគាំទ្រ ហើយសម្ដេចបានថ្លែងអំណរគុណក្រុមហ៊ុនធំៗរបស់រដ្ឋអាមេរិកដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយសម្ដេចបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះបន្ថែមទៀត ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។


សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់ប្រាប់គណៈប្រតិភូអំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រសួងមហាផ្ទៃ រួមមានសម្រេបសម្រួលរវាងថ្នាក់ជាតិ និងរដ្ឋបាលដែនដី សំដៅសម្រួលដល់ដំណើរការភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព , ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការស្នូលជូនពលរដ្ឋ ក៏ដូចជាសម្រាប់អ្នកវិនិយោគិន, ការងារផ្ដល់អត្តសញ្ញាបណ្ណ, សញ្ជាតិ, អន្តោប្រវេសន៍, ជនភៀសខ្លួន, ចុះបញ្ជីគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, គ្រប់គ្រងពន្ធនាគារ និងសិក្សាស្រាវជ្រាវកែសម្រួលលិខិតបទដ្ឋានក្រោមច្បាប់និងសមត្ថកិច្ចរបស់ក្រសួង។

 


សម្ដេចក្រឡាហោមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដូចជាកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន អេហ្វប៊ីអាយ (FBI) គយ និងអន្តោប្រវេសន៍អាមេរិក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ការិយាល័យសន្តិសុខប្រចាំស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងកិច្ចសហការប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសអំពើភេវរកម្ម ការជួញដូរមនុស្ស គ្រឿងញៀន និងជួញដូរផ្លូវភេទជាដើម។

 


សូមបញ្ជាក់ថា កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អាមេរិក ក៏បានភ្ជាប់ទៅនឹងបញ្ហាជាសាកលនៃជំងឺកូវីដ១៩ដែរ។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា បីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ក្ដី ប៉ុន្តែវាពិតជាមានភាពចាំបាច់ណាស់ដែលកម្ពុជា អាមេរិក និងកម្ពុជា អាស៊ាន ត្រូវតែបន្តកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នា លើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024