ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងជាផ្លូវការ អភិបាលខេត្តប៉ៃលិន

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២១ ធ្នូនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិនហើយ។ លោកជំទាវ បាន ស្រីមុំ បានក្លាយជាស្រ្តីទី២ បន្ទាប់ពីអភិបាលខេត្តកោះកុង សម្រាប់មុខតំណែងជាអភិបាលខេត្ត នៅកម្ពុជា។  

 


ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅសាលាខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃចន្ទនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ចូលរួមគាំទ្រលោកជំទាវ បាន ស្រីមុំ ដែលជាស្ត្រីដំបូងបានក្លាយជាអភិបាលខេត្តប៉ៃលិន និងជាស្ត្រីទី២សម្រាប់មុខតំណែងនេះនៅកម្ពុជា។  

 


បើតាមសម្ដេចក្រឡាហោម ការចូលរួមគាំទ្រលោកជំទាវ បាន ស្រមុំ ក្នុងឋានៈជាអភិបាលខេត្តប៉ៃលិននេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុង ដឹកនាំគណៈអភិបាលខេត្ត សំដៅជំរុញការអភិវឌ្ឍ ក្នុងខេត្តឲ្យកាន់តែរីកចម្រើន ក៏ដូចជាបន្ដចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងថែរក្សាសន្ដិភាពដែរ។

 


លោកជំទាវ បាន  ស្រីមុំ បានចូលកាន់មុខតំណែងជំនួសឯកឧត្តម ផាន់ ចាន់ធុល ដែលផ្ទេរមកកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ 


សម្ដេចរដ្ឋមន្ត្រីមហាផ្ទៃបានកោតសរសើរ និងសង្ឃឹមជឿជាក់ថាលោកជំទាវអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិន ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ 

 


លោកជំទាវ បាន ស្រីមុំ ក៏បានប្ដេជ្ញាចិត្តថា នឹងខិតខំបម្រើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិន ឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មី នៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះផងដែរ៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ក្រុមការងារ  
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024