ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

សម្ដេចក្រឡាហោម ស ខេង សម្រេចបិទក្រសួងមហាផ្ទៃ ហើយមន្រ្តីត្រូវធ្វើតេស្តទាំងអស់

០៧ ធ្នូ ២០២០ | ព័ត៌មានជាតិ

នៅរសៀលប៉ុន្មានម៉ោងមុននេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការ ដែលបម្រើការងារ នៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ មន្រ្តីដែលបំពេញការងារ នៅក្រសួងមហាផ្ទៃ ត្រូវបានបញ្ជាឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ ទាំងអស់។

 


អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដោយមានការពិគ្រោះពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចជាការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៅថ្ងៃទី៧ ខែធ្នូនេះ សម្តេចក្រឡាហោម ស ខេង បានសម្រេចចេញបទបញ្ជាឱ្យផ្អាកបំពេញការងារនៅទីស្ដីការក្រសួងមហាផ្ទៃជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃតី៧ ខែធ្នូ ឆ្នាំ២០២០ នេះរហូតដល់មានការជូនដំណឹងជាថ្មី។

 


ជាមួយគ្នានេះ សម្ដេចឧបនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅតាមអគ្គ-នាយកដ្ឋាន ឬអង្គភាពនានា ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃដែលមិនទាន់បានយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរួសរាន់មកយកសំណាក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងបរិវេណទីស្តីការក្រសួង និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត។

 


ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញឱ្យបំពេញការងារពីចម្ងាយតាមរយៈអនឡាញ និងត្រូវចាត់មន្ត្រី ដែលមិនប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពី៥ ទៅ៧នាក់មកប្រចាំការដោយ រៀបចំបញ្ជីឈ្មោះមន្ត្រីទាំងនោះ បញ្ជូនមកអគ្គលេខាធិការដ្ឋានដើម្បីចេញបណ្ណសំគាល់ ហើយមន្រ្តីប្រចាំការទាំងអស់ក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ១៩។

 


សូមបញ្ជាក់ថាក្រសួងមហាផ្ទៃ បានក្លាយជាចំណុចខ្ពស់នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយសារតែបង្គល់ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដំបូងគេ គឺជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ មន្រ្តី និងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមកិច្ចប្រជុំ និងបំពេញការងារជាធម្មតាអស់រយៈពេលជាច្រើនថ្ងៃមុនពេលមានការរកឃើញថាបានឆ្លងជំងឺកូវីដ១៩។ ខណៈកំពុងផ្សាយនៅព័ត៌មាននេះ នៅមានមន្រ្តីជាច្រើននាក់កំពុងតម្រង់ជួរគ្នាដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩នៅក្រសួងមហាផ្ទៃនៅឡើយទេ៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024