ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

បុរសជនជាតិប៉េរូអះអាងថាគាត់ជាបុរសដែលមានអាយុវែងជាងគេនៅក្នុងលោករហូតដល់១២៤ឆ្នាំ

មិននឹកស្មានថាតំបន់ភ្នំអង់ (And) នៃប្រទេសប៉េរូមានលាក់ទុកអាថ៌កំបាំងនៃមនុស្សអាយុវែងជាងគេនៅលើពិភពលោកដែលអ្នកខាងក្រៅមិនទាន់បានដឹង។ លោកតាម្នាក់ឈ្មោះម៉ាសេលីណូ (Marcelino) អះអាងថាលោកកើតឆ្នាំ១៩០០ បើគិតមកដល់ពេលបច្ចុប្បន្នលោកតាមានអាយុ១២៤ឆ្នាំ។ ឥឡូវនេះ ក្រុមកំណត់ត្រាប្លែកៗកំពុងពិនិត្យផ្ទៀងផ្ទាត់ដើម្បីផ្ដល់វិញ្ញានប័ត្រទទួលស្គាល់អាយុរបស់គាត់។
 

 

 

 

រដ្ឋាភិបាលប៉េរូបង្ហាញឯកសារបញ្ជាក់ថាលោកតាចាស់ព្រឹទ្ធចាស់ព្រេងប្រចាំតំបន់ហួនូកូ (Huanuco) ម្នាក់នេះពិតជាមានអាយុ១២៤ឆ្នាំពិតមែន។ ដូច្នេះ នេះជាជំនួយឯកសារយោងដ៏ធំមួយសម្រាប់លោកតាដើម្បីឈោងចាប់យកតំណែងជាបុរសដែលមានវ័យចំណាស់ជាងគេនៅលើលោកនេះ។

 

ឥឡូវនេះ សូម្បីតែអ្នកដែលគេទទួលស្គាល់ជាផ្លូវការថាមានអាយុវែងជាងគេក៏មិនវែងដល់លោកតាម្នាក់នេះដែរ។ គ្រាន់តែថាលោកតាម្នាក់ទៀតមានឯកសារបញ្ជាក់ច្បាស់លាស់ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកឯករាជ្យ។

 

ចំណែកលោកតានៅប៉េរូត្រូវរង់ចាំអ៊ុតលទ្ធផលជាបន្តទៀតសិន។ រដ្ឋាភិបាលប៉េរូចេញសេចក្ដីថ្លែងការណ៍មានសេចក្ដីជាអាទិ៍ថា «ស្ថិតនៅកណ្ដាលទ្រូងព្រៃដែលមានរុក្ខជាតិ និងម្រឹគីម្រឹគានៃតំបន់ហួនូកូ (Huanuco) លោកតាម៉ាសេលីណូ (Marcelino) បានប្រកបជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ប្រកបដោយភាពស្ងប់សុខពីខាងក្នុងចិត្តរបស់គាត់។

 

គេអាចដឹងបានតាមរយៈការរក្សាបាននូវសុខភាពដ៏ល្អបរិបូរ និងអត្តចរិតរួសរាយរាក់ទាក់របស់គាត់។ ដោយសារមូលហេតុនេះហើយទើបបានជាគាត់មានកម្លាំងពលំមាំមួន រហ័សរហួន និងឧស្សាហ៍ព្យាយាមរហូតដល់អាចបន្តជីវិតរស់នៅរយៈពេលជាង១២ទសវត្ស។

 

 

 

 

កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅនេះ គាត់ទើបតែប្រារព្ធខួប១២៤ឆ្នាំដោយផ្លុំពន្លត់ទៀន១២៤ដើមជាតំណាងឱ្យអាយុពិតរបស់គាត់»។ អាជ្ញាធរប៉េរូប្រាប់ថាពួកគេកំពុងរៀបចំសំណុំឯកសារផ្សេងៗដើម្បីជួយជ្រោមជ្រែងលោកតាម៉ាសេលីណូម្នាក់នេះឲ្យមានឈ្មោះបោះសំឡេងនៅក្នុងសៀវភៅកំណត់ត្រាប្លែកៗពិភពលោក។ គេអាចយកឯកសាររបស់រដ្ឋាភិបាលទៅពិនិត្យផ្ទៀងផ្ទាត់ដោយក្រុមអ្នកស្រាវជ្រាវឯករាជ្យដើម្បីស្វែងរកការពិត។

 

តាមពិត នៅក្នុងមួយឆ្នាំៗមានមនុស្សច្រើនណាស់ដែលដាក់ពាក្យទៅក្រុមកំណត់ត្រាប្លែកៗដើម្បីទទួលស្គាល់ពួកគេជាមនុស្សមានវ័យចំណាស់បំផុត។ ប៉ុន្តែគេមិនមែនចេះតែជឿ និងប្រគល់វិញ្ញាបនប័ត្រដោយងាយៗនោះទេ។ សព្វថ្ងៃនេះ អ្នកដែលទទួលវិញ្ញាបនប័ត្របញ្ជាក់ថាជាមនុស្សប្រុសចាស់ជាងគេក្នុងលោកគឺលោកតាឈ្មោះប្រាយតុន (Briton) អាយុ១១១ឆ្នាំ។

 

គាត់ទើបតែបំបែកកំណត់ត្រានេះនៅក្នុងខែមេសាបន្ទាប់ពីម្ចាស់ជ័យលាភីមុនបានទទួលអនិច្ចកម្មទៅនៅក្នុងជន្មាយុ១១៤ឆ្នាំ។ ដូច្នេះ លោកតាប្រាយតុនត្រូវគ្រប់គ្រងតំណែងជាបុរសដែលមានអាយុវែងបំផុត និងដែលមានជីវិតរស់នៅ។ លោកតាម៉ាសេលីណូកើតនៅទីក្រុងតូចមួយឈ្មោះឆាខ្លា (Chaglla)។ គាត់រស់នៅទីនោះដោយគ្មាននរណាដឹងប្រវត្តិសាវតាររបស់គាត់ថាគាត់អាយុប៉ុន្មានទេ។ រហូតទាល់តែរដ្ឋាភិបាលប៉េរូរកឃើញគាត់កាលពីឆ្នាំ២០១៩ ហើយចេញអត្តសញ្ញាណប័ណ្ណបញ្ជាក់ និងផ្ដល់ប្រាក់ចូលនិវត្ត៕

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024