ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

រដ្ឋមន្រ្តីមហាផ្ទៃ ដាក់យន្តការឱ្យថ្នាក់ដឹកនាំក្រោមបង្គាប់ ដោះស្រាយបញ្ហា និងកង្វល់ពលរដ្ឋ

២៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញយន្តការ៣ចំណុច ដើម្បីជំរុញថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទខិតខំការដោះស្រាយបញ្ហា កង្វល់ និងសំណូមពរនានាដែលពាក់ព័ន្ធននឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ នេះគឺយន្តការថ្មីបន្ថែមពីលើយន្តការទទួលសម្របសម្រួល និងដោះស្រាយកម្រិតក្រសួង ក្រុមការងារហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់សម្ដេច។

 


ក្នុងសេចក្ដីណែនាំចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន និងត្រូវបានចែកផ្សាយជាបន្តបន្ទាប់នាព្រលប់ថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង តាមរយៈសេចក្ដីណែនាំ១ទំព័រ បានគូសបញ្ជាក់ថាកន្លងមកបានទទួលយកការដោះស្រាយចំពោះបណ្ដឹង សំណើ សំណូមពរ មតិយោបល់ ការថ្នាក់ថ្នាក់ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ តាមរយៈការដាក់លិខិតមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុកសម្ដេច និងតាមរយៈការដកស្រង់ព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម។

 


សម្ដេចបានបន្ថែមថាបញ្ហាអស់ទាំងនេះត្រូវបានបញ្ជូនទៅឱ្យអង្គជំនាញនានារបស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីខេត្ត ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ធ្វើការដោះស្រាយ ដោយក្រសួងបានចាត់ទុកថាយន្តការនេះ គឺជាវិធីផ្ដល់សេវាជូនប្រជាពលរដ្ឋមួយយ៉ាងសំខាន់។ យ៉ាងណាក៏ដោយ បើតាមប្រមុខក្រសួងមហាផ្ទៃ ការដោះស្រាយបញ្ហាខាងលើមួយចំនួនក៏បានលទ្ធផលល្អប្រសើរ និងក៏បានឆ្លើយតបទាន់ពេលវេលា ប៉ុន្តែថាក៏មានបញ្ហាមួយចំនួនទៀតមិនទាន់ដោះស្រាយទទួលបានលទ្ធផលល្អនៅឡើយ។

 


ជាយន្តការជាក់លាក់ សម្ដេចឧបនាយករដ្ឋមន្រ្តីបានណែនាំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលស្ថិតក្រោមឱវាទក្រសួងមហាផ្ទៃត្រូវយកចិត្តទុកដាក់តាមដាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, ដោះស្រាយហើយដោះស្រាយទៀតរហូតទទួលបានលទ្ធផលដល់ចប់ឱ្យបានត្រឹមត្រូវ តប្រកបដោយតម្លាភាព និងយុត្តិធម, និងត្រូវធ្វើរបាយការណ៍ស្ដីអំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងដើម្បីមានវិធានការបន្ត។

 


គួរកត់សំគាល់ថា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សម្ដេចក្រឡាហោម បានប្រកាសឱ្យដឹងកាលពីថ្ងៃទី១៥ខែកញ្ញាកន្លងទៅថា ថានៅក្នុងខែកក្កដា អង្គភាពចំណុះក្រសួងបានទទួលបណ្ដឹង សំណូមពរ និងក្ដីកង្វល់ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងណម្ចាស់គណនីចំនួន១០៩ ដោះស្រាយបាន៣១ករណី និងកំពុងដោះស្រាយ៧១ករណី ខណៈខែសីហាបានទទួលចំនួន៨៧ ដោះបាន៣៧ និងមិនទាន់ដោះស្រាយបានបូកទាំងបញ្ហាសល់ពីខែកក្កដាសរុប១០៩ករណី។ 

 


សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង គ្រប់អង្គភាព គ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើតទំពរហ្វេសប៊ុកដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងម្យ៉ាងដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋចូលប្ដឹង សម្ដែងក្ដីកង្វល់ និងសំណូមពរបញ្ហានានា ដើម្បីមានវិធានការដោះស្រាយ ខណៈហ្វេសប៊ុកសម្ដេចផ្ទាល់ សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធតាមដានខំមេនដើម្បីទទួលដោះស្រាយបញ្ហានានដែលពាក់ប័ន្ធនឹងជំនាញរៀងៗខ្លួន៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024