ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីទទួលបន្ទុកប្រាប់អ្នកទទួលផលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ថា កុំសង្ស័យ បើថវិកាប្រែប្រួល

២៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

មន្ត្រីទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រី និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានប្រាប់ទៅអ្នកទទួលផលទូទាំងប្រទេសថា សម្រាប់ខែថ្មីនេះ ប្រសិនបើថវិកា ដែលពួកគាត់ទទួលបានពីកម្មវិធីខុសពីខែមុនៗនោះ សូមកុំមានក្តីសង្ស័យឡើយ ព្រោះថា នោះគឺជាការកាត់បន្ថយ ឬបូកបន្ថែម ដោយស្វ័យប្រវត្តិ អាស្រ័យទៅលើអាយុ នៃសមាជិកគ្រួសារទាំងនោះ។

 


សូមបងប្អូនអ្នកទទួលផលទាំងអស់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ មេត្តាកុំមានក្តីសង្ស័យ ថាមានការកឹបកេង កាត់បន្ថយ ឬ មានភាពលម្អៀងឡើយ ប្រសិនបើមានការប្រែប្រួលចំពោះថវិកាដែលគ្រួសារគាត់ទទួលបាននៅក្នុងខែថ្មីនេះ ដូចជាគ្រួសារខ្លះថវិកាថយចុះ ខណៈគ្រួសារខ្លះថវិកាកើនឡើង ។ កុំសង្ស័យដោយហេតុថា ការប្រែប្រួលទាំងនោះ មកពីប្រព័ន្ធស្វ័យប្រវត្តិ នៃ កម្មវិធីនេះ កាត់បន្ថយ ឬ បន្ថែមថវិកាទៅតាមអាយុរបស់សមាជិក នៃ គ្រួសារទាំងនោះ ។ នេះគឺជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ដែលជាអ្នកទទួលបន្ទុកដឹកនាំអនុវត្តដោយផ្ទាល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ។

 


សូមជម្រាបថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ សម្រាប់ខែ ទី ៨ ខែ បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ បានដំណើរការទៅដោយល្អ ដោយបានបើកប្រាក់ជូនអ្នកទទួលផលប្រមាណជាជិត ៦៩ ម៉ឺនគ្រួសារ ពីក្នុងចំណោមអ្នកទទួលផលជាង ៧០ គ្រួសារដែលមានឈ្មោះក្នុងបញ្ជី ដោយកម្មវិធីចំណាយថវិកាអស់ជាង ២៧ លានដល្លារអាមេរិក ហើយបើគិតតាំងពីចាប់ផ្តើមកាលពីខែ មិថុនា ឆ្នាំ ២០២០ ផងនោះ កម្មវិធីចំណាយថវិកាដែលជាថវិការបស់រាជរដ្ឋាភិបាល កម្ពុជា សុទ្ធសាធ អស់ប្រមាណជា ២៣០ លានដុល្លារអាមេរិក ។

 


ដោយឡែកចំពោះខែទី ៩ ដែលចាប់ផ្តើមពីថ្ងៃទី ២៥ ខែ កុម្ភៈ ដល់ថ្ងៃទី ២៤ ខែ មីនា ខាងមុខនេះ មានអ្នកទទួលផលប្រមាណជាជាង ៧១ ម៉ឺនគ្រួសារ ។ នេះបើតាមការអះអាងរបស់លោក ឈួរ សុបញ្ញា ដដែល ៕

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024