ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

បុរសម្នាក់បានប្រែក្លាយផ្ទះរបស់គាត់ទៅជាឧទ្យានដ៏ចម្លែកមួយនៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា

បុរសម្នាក់ឈ្មោះ Albino Carreira អាយុ ៧៩ ឆ្នាំបានចំណាកស្រុកមកពីប្រទេសព័រទុយហ្គាល់ទៅរស់នៅទីក្រុងតូរ៉ុនតូប្រទេសកាណាដានៅក្នុងឆ្នាំ១៩៧២ ហើយបុរសរូបនេះបានប្រែក្លាយផ្ទះរបស់គាត់ឱ្យទៅឧទ្យានដ៏ចម្លែកជាងគេបំផុតមួយប្រចាំទីក្រុងតូរ៉ុនតូក្នុងរយៈពេលជាង២ទសវត្សរ៍មកហើយ។ 

 

 

 

 

លោក Carreira បានឈប់សម្រាកពីការងារជាកម្មករសំណង់ក្នុងអាយុ ៥០ ឆ្នាំបន្ទាប់ពីគាត់បានជួបគ្រោះថ្នាក់ដោយការធ្លាក់នៅការដ្ឋានសំណង់ក្នុងទីក្រុងតូរ៉ុនតូក្នុងឆ្នាំ១៩៩៣ ធ្វើឱ្យគាត់ធ្លាក់ខ្លួនជាជនពិការដោយសារខ្លួនរបស់គាត់ត្រូវបានគ្រូពេទ្យវះកាត់ដាក់វីសចំនួនប្រាំមួយគ្រាប់ និងដែកពីរបន្ទះនៅក្នុងឆ្អឹងខ្នងរបស់គាត់។

 

ការវះកាត់ព្យាបាលឆ្អឹងខ្នងរបស់គាត់នេះបានបំផុសគំនិត និងលើកទឹកចិត្តឱ្យគាត់ចាប់ផ្តើមផ្លាស់ប្តូរទីកន្លែងនៅជុំវិញខ្លួនគាត់ សាងសង់ផ្ទះរបស់គាត់ឡើងវិញ និងកែប្រែផ្ទះរបស់គាត់ឱ្យទៅជាឧទ្យានខុសពីគេមួយគឺឧទ្យានចម្លែកក្រុងតូរ៉ុនតូ (Eccentric Garden of Toronto) នៅក្នុងឆ្នាំ២០០២។

 

ផ្ទះរបស់លោក Carreira ឥឡូវនេះជាកន្លែងមួយទទួលបានការទាក់ទាញខាងសិល្បៈយ៉ាងខ្លាំងបំផុតដោយមានដាក់តាំងវីសឈើ និងសំណល់ដែករាប់មិនអស់ដែលជាស្នាដៃនៃការច្នៃប្រឌិតដ៏ស្មុគស្មាញមួយរបស់បុរសម្នាក់នេះដើម្បីបង្វែរអារម្មណ៍ពីការឈឺចាប់ផ្នែករាងកាយរបស់គាត់។

 

 

 

 

 

 

បន្ទាប់ពីចេញពីមន្ទីរពេទ្យហើយ លោក Carreira បានចាប់ផ្តើមជាដំបូងធ្វើការតុបតែងមិនធម្មតាជាមួយនឹងការដាក់តាំងវីសឈើ កាក់ និងប្រដាប់ក្មេងលេងចាស់ៗនៅលើប្រអប់សំបុត្ររបស់គាត់បន្ទាប់មកគាត់ក៏បានខិតខំបង្កើតសិល្បៈបែបនេះបន្តរីករាលដាលពេញផ្ទះ រថយន្ត និងយានដ្ឋានរបស់គាត់។

 


លោក Carreira បានប៉ាន់ស្មានថា វីសជាង ៦០ ម៉ឺនគ្រាប់ ឆ្នុកស្រា ៣ ពាន់ឆ្នុក សំបកងាវរាប់រយ និងប្រដាប់ប្រដាក្មេងលេងចាស់ៗជាច្រើនឥឡូវបានដាក់តាំងនៅពាសពេញសួនច្បារ និងផ្ទះរបស់គាត់៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024