ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ពីបេក្ខភាពបាតតារាង Sai Fhon ដណ្តើមបានតំណែង បវរកញ្ញាភេទទី៣កម្ពុជា២០២០ 

២៣ កុម្ភៈ ២០២១ | កម្សាន្ដ

ទោះមានបញ្ហាដោយសារកូវីដ១៩ តែកម្មវិធីប្រកួតបវរកញ្ញាភេទទី៣លើកដំបូងនៅកម្ពុជា ទទួលបានផ្លែផ្កាខ្លាំង ដោយជយលាភីលើកដំបូងនេះត្រូវអ្នករៀបចំឲ្យដឹងលើសពីអ្វីដែលលោកបានរំពឹងទុក។ អ្វីដែលជាការកត់សម្គាល់ម្ចាស់មកុដ ភេទទី៣ Sai Fhon ជាបេក្ខភាពមួយចេញពីបាតតារា តែអាចក្លាយជាម្ចាស់ជយលាភី។

 


បន្ទាប់ពីចំណាយពេលជាច្រើនខែក្នុងការប្រកួត ទីបំផុតបវរកញ្ញាភេទទី៣កម្ពុជា២០២០ ដែលជាការរៀបចំលើកដំបូងនៅកម្ពុជារកឃើញម្ចាស់ជយលាភីហើយ នោះគឺបវរកញ្ញាភេទទី៣ពាក់ស្លាកលេខ២ ឈ្មោះថា Sai Fhon (សៃ ហ៊្វុន)។

 

 

ដំបូងឡើយ Sai Fhon ត្រូវគេដឹងថា ជាបេក្ខភាពម្នាក់នៅលេខរៀងបាតតារាងប៉ុណ្ណោះ ដូច្នេះហើយការក្តោបបានតំណែងរបស់នាងនៅពេលនេះ ពិតជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់កម្មវិធីប្រកួត និងអ្នករៀបចំកម្មវិធី រហូតលោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាភេទទី៣លើកឡើងថា ជយលាភីបវរកញ្ញាភេទទី៣ដែលទទួលបាននេះ គឺលើសពីអ្វីដែលអ្នករៀបចំកម្មវិធីរំពឹងទុកទៅទៀត ត្បិតអំឡុងពេលប្រកួតមានឧបសគ្គច្រើន ម៉្យាងដោយសារបញ្ហាជំងឺកូវីដ១៩ដែលបានកំពុងរីករាលដាលផង។



ក្រៅពីជយលាភីបវរកញ្ញាភេទទី៣ កញ្ញា Sai Fhon ក៏នៅមានជយលាភី៤រូបទៀតផងដែរ ក្នុងនោះជយលាភីរងទី១ បានទៅលើកញ្ញា Hani ជយលាភីរងទី២ បានទៅកញ្ញា Anna។ ជយលាភីទាំង៥រូបនឹងចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងជាមួយ ក្រុមហ៊ុន CAMBODIA INTERNATIONAL MODELS រយៈពេល២ឆ្នាំ។


ឲ្យដឹងបន្តក្នុងកិច្ចសម្ភាសន៍ខាងលើ អ្នករៀបចំកម្មវិធីថា ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំង៥រូប នឹងត្រូវធ្វើដំណើរទស្សនកិច្ចក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ប្រពៃណី និងវប្បធម៍ ក្នុងអំឡុងពេលនៃការគ្រងមកុដក្នុងនាមជាជយលាភីបវរកញ្ញាបវរកញ្ញាភេទទី៣កម្ពុជា២០២០។


ក្រោយទទួលបានតំណែងជាបវរកញ្ញាភេទទី៣ ក្នុងការប្រកួតលើកដំបូងនៅកម្ពុជារួចមក កញ្ញា Sai Fhon ថា កញ្ញាមានតែពាក្យអរគុណចំពោះអ្នកគាំទ្រដែលតែងឲ្យតម្លៃ និងគាំទ្រកញ្ញារហូតមក ហើយជឿជាក់ថា កញ្ញាធ្វើបាន ហើយពេលនេះកញ្ញាពិតជាធ្វើបានប្រាកដមែន។



បន្ទាប់ពីការរៀបចំលើកទី១ប្រកបដោយជោគជ័យ កម្មវិធីប្រកួតបវរកញ្ញាភេទទី៣កម្ពុជាលើកទី២ ឆ្នាំ២០២១នេះ ត្រៀមនឹងរៀបចំជាថ្មីទៀតក្នុងពេលដ៏ខ្លីខាងមុខ៕

 

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ សុខ ពិសិដ្ឋ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024