ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

 លីវ ជីលី ស្នងមកុដ Miss Grand Cambodia 2020 ពី សេង រដ្ឋា 

០២ កុម្ភៈ ២០២១ | កម្សាន្ដ

ជយលាភីរងកញ្ញាឯកទី២ កញ្ញា លីវ ជីលី បានស្នងមកុដជំនួសកញ្ញា សេង រដ្ឋា ក្រោយមានរឿងរកាំរកូសរហូតត្រូវគណៈកម្មការប្រកួតដកតំណែងជាផ្លូវការកាលពីពេលថ្មីៗ។ 

 

នៅទីបំផុតកណៈកម្មការរៀបចំការប្រកួត Miss Grand Cambodia បានសម្រេចជ្រើសរើសកញ្ញា លីវ ជីលី ជាអ្នកទទួលមកុដជំនួស កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី បន្ទាប់បរវកកញ្ញាទាំងពីរដួងនេះត្រូវគណៈកម្មការសម្រេចដកហូតតំណែងជាផ្លូវការកាលពីពេលថ្មីៗ។

 

សេង រដ្ឋា ត្រូវដកតំណែងព្រោះមានរឿងរកាំរកូសទាក់ទងបញ្ហាផលប្រយោជន៍ជាមួយក្រុមហ៊ុន ហើយកញ្ញា លឹម សុធាវី ត្រូវទទួលតំណែងនេះតែនាងបដិសេធន៍ ដោយលើកហេតុផលថាមិនបានត្រៀមខ្លួនរួចរាល់ ដែលជាហេតុធ្វើឱ្យតំណែងនេះធ្លាក់ទៅដល់ដៃកញ្ញា លីវ ជីលី។


លោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុន មហាហង្ស និងជាអ្នករៀបចំការប្រកួត Miss Grand Cambodia បានលើកឡើងថា នេះជាកម្មវិធីលំដាប់ពិភពលោក ដូច្នេះត្រូវធ្វើអ្វីតាមស្តង់ដារ សូម្បីតែកម្មវិធីផ្ទេរតំណែងក៏ត្រូវតែរៀបចំឱ្យបានត្រឹមត្រូវដែរ គ្រាន់តែការរៀបចំមានពេលខ្លីពេកទើប មានកំហុសខុសឆ្គងបន្តិចបន្តួច តែទោះជាយ៉ាងណាកម្មវិធីផ្ទេរតំណែងនេះបានបញ្ចប់ទៅយ៉ាងរលូន ដោយបានជ្រើសរើសយកកញ្ញា លីវ ជីលី ដើម្បីចូលរួមប្រកួតប្រជែង Miss Grand នៅលើឆាកអន្តរជាតិ ។ 

 


លោក បានបន្ថែមទៀតថាក្រៅពីប្រឹងប្រែង ហ្វឹកហាត់កញ្ញា លីវ ជីលី ឱ្យកាន់តែមានការជឿជាក់លើខ្លួនឯងក្នុងពេលប្រលង លោកនិងក្រុមការងារ ក៏បានរៀបចំឈុតសម្លៀកបំពាក់ជាតិទុកសម្រាប់កញ្ញា លីវ ជីលី គ្រងក្នុងថ្ងៃប្រកួតផងដែរ ។

 

 

ថ្វីដ្បិតតែ មានកំហុសខុសឆ្គងខ្លះសម្រាប់ Miss Grand 2020 តែលោកសង្ឃឹមថា Miss Grand 2021 លោកនឹងធ្វើឱ្យបានល្អ និង រលូន ដោយលោកចាត់ទុកថា Miss Grand 2020 ជាបទពិសេធមួយសម្រាប់ការប្រកួតប្រជែង ។ 

 


កញ្ញា លីវ ជីលី បានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា ថ្វីដ្បិតតែតំណែង Miss Grand Cambodia 2020 មិនមែនជា របស់នាង តែនាងរីករាយដែលបានជំនួស កញ្ញា សេង រដ្ឋា ដើម្បីចេញទៅប្រកួតប្រជែង ។

 


កញ្ញា លីវ ជីលី មានរូបសម្រស់ស្រស់ស្អាតមិនធម្មតាទេ ទាំងមុខមាត់ រូបរាង និង កម្ពស់កម្ព តែនាងមានចំណុចខ្វះខាតតែមួយគតដែលនាងធ្វើមិនទាន់បានល្អ គឺការដើរម៉ូដ ដូច្នេះហើយទើបនាងខំប្រឹងប្រែងហ្វឹកហាត់ជំនាញនេះបន្ថែម ដើម្បីត្រៀមខ្លួនទៅប្រកួតប្រជែង ។

 

 

កញ្ញា លីវ ជីលី បានសំណូមពរឱ្យអ្នកគាំទ្រទាំងអស់ ចូលរួមគាំទ្រ Miss Grand Cambodia ឱ្យបានច្រើន ពីព្រោះការប្រកួតនេះគឺដើម្បីប្រទេស កុំយករឿង បុគ្គលមកលាយឡំគ្នា ។

 


ជយលាភី Miss Grand Cambodia 2020 លីវ ជីលី នឹងចេញទៅប្រកួតនៅលើឆាកអន្តរជាតិដែលរៀបចំឡើងនៅ ប្រទេស ថៃ នៅក្នុងខែ មីនា ខាងមុខ 
៕  

 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024