ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បាត់បង់មកុដ Miss Grand Cambodia មិនបានប៉ុន្មានថ្ងៃផង សេង រដ្ឋា ទទួលបានតំណែងតួឯកថ្មីភ្លែតក្នុងរឿងភាគរបស់ PNN

០៥ កុម្ភៈ ២០២១ | កម្សាន្ដ

ក្រោយបាត់បង់តំណែងជាម្ចាស់មកុដ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានទទួលតំណែងតួឯកថ្មីភ្លែតក្នុងរឿងភាគថ្មីរបស់ស្ថានីយតូរទស្សន៍ PNN។


អតីត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានទទួលតំណែងជាតួឯកក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍ PNN ដ៏ភ្ញាក់ផ្អើកគឺរឿង”បាបស្នេហ៍អតីត” ទើបធ្វើពិធីក្រុងពាលីកាលពីពេលថ្មីៗ។

 

ការទទួលតំណែងជាតួឯកក្នុងរឿងភាគថ្មីដែលផលិតដោយផលិតកម្ម Ad Music នេះគឺធ្វើឡើងភ្លាមៗតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃប្រកាសផ្ទេរតំណែងម្ចាស់មកុដទៅឲ្យកញ្ញា លីវ ជីលីដែលជាបេក្ខនារីរងលំដាប់ទី២។


កញ្ញា សេង រដ្ឋា បានចាប់ដៃគូសម្ដែងជាតួឯកជាមួយលោក ឃឹម ហ្សានីត ក្នុងខ្សែភាពយន្តសម័យលាយបុរាណ ដែលនិយាយពីស្នេហាឌឺដងភ្លើងប្រច័ណ្ឌ ការច្រណែនឈ្នានីស ការតាមសងសឹកគំនុំពីអតីតជាតិ បាបដែលសាងពីជាតិមុន និងអំពើឃាតកម្ម។

 

ក្រៅតែពីតួឯកស្រីប្រុសទាំង២ដួងនេះនៅមានសិល្បករ សិល្បការិនីល្បីៗជាច្រើនទៀតបានចូលរួមសម្ដែង។

 

កញ្ញា សេង រដ្ឋា អតីត ម្ចាស់មង្កុដMiss Grand Cambodia 2020 បានសម្រេចចិត្តបោះបង់តំណែង និងយល់ព្រមឲ្យផលិតកម្មដកតំណែងជាកញ្ញ្ញាឯកក្រោយពីលេចចេញភាពចម្រូងចម្រាសមួយចំនួនជាមួយក្រុមហ៊ុន។

 

 

ទោះជាយ៉ាងណាប៉ុន្មានថ្ងៃមុនពេលនៃការប្រកាសដកតំណែងមកដល់ គេបានឃើញនាងបង្ហាញសមត្ថភាពសិល្បៈមួយចំនួន រួមទាំងការហ្វឹកហាត់ដើរបង្ហាញម៉ូត និងការគ្រងឈុតសម្លៀកបំពាក់ប្រណីតមួយចំនួនគួរឲ្យទាក់ទាញ។

 

 

ការលេចមុខក្នុងប្រវត្តិជាអ្នកសម្តែងលើកដំបូងនឹងក្លាយជារបត់ថ្មីសម្រាប់តារាស្រីរូបនេះ ហើយក៏ជាការបើកផ្លូវបន្តទៅកាន់ភាពជោគជ័យ និងអាចបំពេញចិត្តអ្នកគាំទ្រនាងផងដែរ។

 

 

ទោះជាយ៉ាងណានេះគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនាងអមដោយសារសាទរជាច្រើនចំពោះតំណែងថ្មីមិនគួរឲ្យជឿ  និងជាអ្វីដែលអ្នកគាំទ្រនាងចង់បានព្រោះតែការរបូតតំណែងចេញទៅប្រកួតនៅក្រៅប្រទេសបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនខកចិត្តខ្លាំងនោះ។

 

 

ស្នាដៃសម្តែងដំបូងក្នុងតំណែងតួឯកនេះក៏ត្រូវបានគេរំពឹងថានឹងជួយលើកមុខមាត់នាងក្នុងវិស័យសម្តែង បើទោះបីជាបទពិសោធន៍សម្តែងនាងនៅក្មេងខ្ចីក៏ដោយ ប៉ុន្តែជាឱកាសក្នុងការលើកមុខមាត់និងហ្វឹកហាត់សមត្ថភាពបន្ថែមលើវិស័យសិល្បៈមួយនេះហើយគេរំពឹងថានាងនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕

 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024