ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាឡ ច្រានចោលដំណឹងបោះបង់តំណែង និងបញ្ចប់កុងត្រារបស់ ជយលាភីរងទី២ ឌី សុរៈកិត្តា

១៧ ធ្នូ ២០២០ | កម្សាន្ដ

បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនបានលេចឮជាបន្តបន្ទាប់ពាក់ព័ន្ធកាត់បាត់មុខរបស់ ជយលាភីរងទី២ ឌី សុរៈកិត្តា ពេលនេះអ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាឡ បានចេញមុខច្រានចោលដំណឹងទាំងនោះហើយ ដោយអះអាងថាគ្រប់យ៉ាងរបស់ ឌី សុរៈកិត្តា នៅដូចដើមដដែល។

 


ថ្មីៗនេះ មានពាក្យចចាមអារាមជាច្រើនបានលេចឡើងលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញការបាត់មុខរបស់ជយលាភីរងលំដាប់ទី២ កម្មវធី Miss Universe 2020 គឺកញ្ញា ឌី សុរៈកិត្តា យ៉ាងចម្លែកក្រោយពីបញ្ចប់ការប្រកួតភ្លាមៗ។


ការបាត់មុខយ៉ាងចម្លែករបស់ ឌី សុរៈកិត្តា បានកើតទៅជាចម្ងល់សម្រាប់មហាជនអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា រហូតមានការលេចឮថា ជយលាភីរងលំដាប់ទី២រូបនេះបានបោះបង់សិទ្ធ និងតំណែង ហើយក៏ត្រូវលុបកុងត្រាជាមួយអ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាឡ ដោយហេតុផលអ្វីម៉្យាង។

 

 

 

 

ដំណឹងលេចឮដ៏រសើបនេះ បានកើតឡើងក្រោយកម្មវិធីត្រូវបានបញ្ចប់ ស្របពេលកម្មវិធីកំពុងដំណើរការប្រកួតមានមតិចម្រូងចម្រាស់គ្នាជាច្រើនបានឆ្លើយឆ្លងគ្នាតាមរយៈ Comment ខណៈកម្មវិធីកំពុងផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការ Miss Universe 2020 ដោយ Comment ទាំងនោះមានទាំងពាក្យស្ងើចសរសេរ និងការរិះគន់បេក្ខភាព ឌី សុរៈកិត្តា មិនសំចៃមាត់ ដែលនេះជាដើមហេតុនាំឲ្យមានការគិតថា សុរៈកិត្តា អាចប៉ះទង្កិចផ្លូវចិត្តធ្ងន់ធ្ងររហូតសម្រេចចិត្តបញ្ចប់ផ្លូវសិល្បៈយ៉ាងដូច្នេះ។

 

 

 


យ៉ាងណាមិញ ទីបំផុតការពិតនៅពីក្រោយការបាត់ខ្លួនភ្លាមៗក្រោយបញ្ចប់ការប្រកួតរបស់ស្រីស្រស់សោភានេះ ត្រូវអ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាឡ លោក ម៉ែន និមលរតន៍ លាតត្រដាងប្រាប់ភីអិនអិនកាលពីពេលថ្មីៗនេះយ៉ាងច្បាស់ៗថា ឌី សុរៈកិត្តា មិនបានបោះបង់តំណែង បោះបង់ និងត្រូវបានលុបកុងត្រាដូចការលើកឡើងទាំងអម្បាលមាណនោះទេ ពោលគ្រប់យ៉ាងនៅដូចដើមដដែរ។

 

ហេតុផលនាំឲ្យ ឌី សុរៈកិត្តា បាត់ខ្លួនយ៉ាងតក់ក្រហល់ដូច្នេះដោយសារនាងមានជំងឺគ្រុនឈិ កម្រិតធ្ងន់ ត្រូវចូលមន្ទីរពេទ្យភ្លាមៗដើម្បីទទួលការព្យាបាល។

 

 

 


លោក ម៉ែន និមលរតន៍ និយាយថា៖ «ការពិតពេលចប់ភ្លាមប្រឡងហើយភ្លាម គឺគាត់ក្តៅខ្លួនដល់ពេលព្រលឹមឡើងគាត់ត្រូវចេញទៅពេទ្យទាំងព្រលឹម ពេទ្យថាគាត់លាប់ជំងឺផ្លូវដង្ហើម និងកើតគ្រុនឈិផង។

 

 

 

 

គាត់ហើមដៃហើមជើង ឡើងរោលកណ្ទួលក្រហមថែមទៀត តែឥឡូវគាត់បានធូរបន្តិចហើយ បានចេញពីពេទ្យទៅផ្ទះហើយ ប៉ុន្តែបន្សល់ទុកនូវស្លាកស្នាមកន្ទួលក្រហមនៅលើខ្លួន និងត្រូវបញ្ចូលឈាម ព្រោះតែខ្វះគ្រាប់ឈាមក្រហម។»

 

 

 


លោកបន្តថា៖ «អត់មានគម្រោងកាត់ចេញទេ យើងនៅតែរក្សាគាត់ទុក តែដូចបញ្ជាក់ពីដើមថា យើងនៅមិនទាន់ដឹងថានឹងមានកម្មវិធីណាដែលនិងអាចទៅបាន ព្រោះកូវីដកំពុងកើតមានទូទាំងពិភពលោកយ៉ាងដូច្នេះ។»

 

 

 


នេះទុកជាដំណឹងល្អសម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ពីដំណឹងនៃការបាត់មុខរបស់ជយលាភីរងទី២ ឌី សុរៈកិត្តា ដែលបានបាត់មុខតាំងពីបញ្ចប់ការប្រកួតកាលពីពេលថ្មីៗ។

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024