ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា និងអាមេរិក នឹងបន្តធ្វើពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត

១៨ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

កម្ពុជា និងអាមេរិក អះអាង ជាមួយគ្នាថា នឹងបន្តធ្វើពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតនៅឆ្នាំនេះ ក៏ដូចជាឆ្នាំខាងមុខ។ ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានកំណើនថែមទៀត ខណៈកាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនជាង ១៦ភាគរយ។


ក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងអាមេរិក នឹងបន្តធ្វើពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងមានការកើនឡើងបន្តទៀត។

 

 

ស្ថិតនៅក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។

 


ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងទៀតថា ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានភាពល្អប្រសើរបើទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។

 


កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក សម្រេចបានសរុប ៥ពាន់៥០៩លានដុល្លារអាមេរិក កើនឡើងជិត១៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានជាង ៤ពាន់៧១៣លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៥ពាន់២៥៨លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ៕

 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024