ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ប្រមុខរដ្ឋាភិបាលអគុណវិស័យឯកជនចំពោះការរក្សាស្ថានភាពស្ថិរភាពប្រទេសក្នុងសម័យកូវីដ

០៨ តុលា ២០២០ | សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្លែងអំណគុណចំពោះវិស័យឯកជននៅក្នុងប្រទេស កម្ពុជាដែលជានិច្ចកាលតែងតែរក្សាស្ថានភាពស្ថិរភាពរបស់ប្រទេស ក៏ដូចជាជួយសម្រួល បន្ទុករាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃសម័យកូវីដ ១៩ ដោយមិនត្រឹមតែ នៅបន្តការងារ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាការងារជូនប្រជាពលរដ្ឋ និងបន្ត បង្កើតផលិតកម្ម សម្រាប់បំពេញតម្រូវការក្នុងស្រុក និង ជំរុញការនាំចេញទៀតផង។

 


នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តមួយស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអះអាងថា វិស័យឯកជននៅតែជាដៃគូរដ៏សំខាន់របស់រាជរដ្ឋាភិបាលស្ថិតក្នុងដំណាក់កាលនៃសម័យកូវីដ ១៩ ក៏ដូចជាដំណាក់កាលនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ ១៩ បានផុតរលត់ទៅ។


សម្តេចតេជោថ្លែងថា ក្នុងនាមរដ្ឋាភិបាលសូមអគុណដល់ក្រុមហ៊ុនវិស័យឯកជនទាំងអស់ដែលបានចូលរួមរក្សាស្ថានភាពស្ថិរភាពរបស់ប្រទេសនៅត្រង់ថា ភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន បាននឹងកំពុងដើរតួនាទីគន្លឹះសំខាន់ពីរ ទី១ ការមិនក្ស័យធន ការមិនបិទក្រុមហ៊ុនគឺជាការរក្សាការងារឲ្យពលរដ្ឋ និង បន្តបង្កើតផលិតកម្មដែលកម្ពុជាមានសម្រាប់ការបំពេញតម្រូវការក្នុងស្រុក និង ជំរុញការនាំចេញ។


គន្លឹះសំខាន់ទី២ បើទោះបីជាសម័យកូវីដ មានរោងចក្រខ្លះបានប្រកាសបិទទ្វារក៏ដោយ ក៏មានរោងចក្រថ្មីៗប្រកាសបើកជំនួសឡើងវិញដែរ ដូច្នេះនេះគឺជាឱការបង្កើតការងារថ្មី និងផលិតកម្មថ្មីដែរ ដែលក្នុងនោះរួមមានការរីកដុះដាលនៃឧស្សាហកម្មធនតូច និងមធ្យមបាននឹងកំពុងរីកដុះដាលជាច្រើនដោយបានចូលរួមចំណែកផលិតស្បៀងជាសំខាន់ រួមទាំងឧបករណ៏បរិក្ខារវិជ្ជសាស្រ្ត ដែលជាមធ្យោបាយការពារជំងឺកូវីដ ១៩ ជាដើម។

 


សម្តេចប្រមុខដឹកនាំប្រទេសកម្ពុជាបន្តអះអាងទៀតថា ការដែលក្រុមហ៊ុនឯកជនទាំងអស់នៅបន្តការខិតខំវិនិយោគ និង បន្តដំណើរការក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ដោយមិនបិទឬមិនកាត់បន្ថយបុគ្គលិកគឺជាការរួមចំណែកមួយដ៏ធំជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយការងារធ្វើ និង ប្រាក់ចំណូលឲ្យប្រជាជនខ្មែរ និង ក៏មិនបានទម្លាក់បន្ទុកបញ្ហាសង្គមដល់រដ្ឋាភិបាលនោះឡើយ។

 


សម្តេចតេជោបន្តឲ្យដឹងទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់នៅកម្ពុជានានានៅបន្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួន ហើយនៅរាល់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននានាទាំងនោះមួយចំនួនដែលបានបើកប្រកាសលក់ក្នុងអំឡុងពេលនេះក្តីគឺមានអ្នកមកកក់ទិញជាហូរហែ ដែលកម្មភាពនេះក៏នឹងនៅតែបន្តផ្តល់ការងារឲ្យពលរដ្ឋធ្វើតទៅទៀតផងដែរ។


ស្ថិតក្នុងបរិការណ៍នេះ ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម រាជរដ្ឋាភិបាលបានសម្រេចចេញនូវវិធានការបន្ថែមជុំទី៦ ក្នុងគោលបំណង បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិ និងបន្តទំនុកបម្រុងដល់ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

 


ក្នុងវិធានការជុំទី៦នេះ សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានត្រូវបានព្យួរការងារ នៅតែទទួលបានថវិកាឧបត្ថម្ភចំនួន ៤០ដុល្លារ ក្នុងមួយខែ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត រហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០។ បន្ថែមពីនេះ សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ក៏នៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីថៅកែរោងចក្រចំនួន ៣០ដុល្លារ ក្នុងមួយខែ រហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០ផងដែរ៕

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024