ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅតែកើនជាង ១៥% ទោះបីបញ្ហាកូវីដ-១៩ បន្តអូសបន្លាយ

២១ តុលា ២០២០ | សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ដដែល បើទោះបីជាបញ្ហាកូវីដ-១៩ បាននិងកំពុងបន្ដអូសបន្លាយ រំខានដល់សកម្មភាពសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្ដី។

 

តួយ៉ាង ៨ខែមកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ សម្រេចបានដល់ទៅ ជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខដែលបានបង្ហាញដោយការរិយាល័យជំនឿនរបស់អាមេរិក។


ទិន្នន័យពីស្ថាប័នរដ្ឋរបស់អាមេរិកដដែលនេះ បានឲ្យដឹងថា នៅ៨ខែមកនេះ កម្ពុជាបាននាំចេញទៅអាមេរិកមានដល់ទៅប្រមាណ ៤ពាន់លានដុល្លារ កើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលរយៈពេលដូចគ្នានេះ កម្ពុជានាំចូលពីអាមេរិកមកវិញមានប្រមាណជិត ២០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៤៤%។ 


ថ្លែងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន កាលពីខែកញ្ញាកន្លងទៅ សម្តេច តេជោ ហ៊ុន សែន ក៏បានថ្លែងដោយមានមោទនភាពចំពោះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដែលនៅតែបន្ដកើនឡើង បើទោះបីជាស្ថិតនៅក្នុងស្ថានភាពផ្ទុះរាលដាលកូវីដ-១៩ក្ដី។


លើសពីនេះ សម្តេច ក៏បានស្នើឲ្យតំណាងក្រុមហ៊ុនអាមេរិកអស់ បន្ដជំរុញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា និងជួយទាក់ទាញវិនិយោគិន អាមេរិកបន្ថែមទៀត ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិការអាមេរិក - អាស៊ានផងដែរ។

 


ពិសេសជាងនេះទៀត គឺកម្ពុជាទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនជាផ្លូវ ដោយតាមរយៈកិច្ចព្រមព្រៀងនេះ សម្តេច តេជោ ហ៊ុន សែនរំពឹងថា នឹងផ្ដល់ឱកាសសម្រាប់ក្រុមហ៊ុនអាមេរិក ដែលមានបំណងរើផលិតផលមកកាន់តំបន់អាស៊ីអាគ្នេយ៍ អាចជ្រើសយកកម្ពុជាជាមូលដ្ឋានផលិត ដើម្បីនាំចេញទៅកាន់ប្រទេសចិនផងដែរ។

 


គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ភាគច្រើនកម្ពុជាមានផលិតផល នាំចេញទៅអាមេរិក ដូចជាវាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ការធ្វើដំណើរ និងផលិតផលកសិកម្មមួយចំនួទៀត ខណៈដែលអាមេរិកនាំចូលមកកម្ពុជាវិញ មានដូចជាគ្រឿងចក្រ យានយន្ដ និងចំណីសត្វជាដើម។

 


កាលពីឆ្នាំ ២០១៩ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និអាមេរិក សម្រេចបានដល់ទៅ ៥ពាន់៨រយ លានដុល្លារ កើនឡើង ៣៧% ធៀបនឹងឆ្នាំ២០១៨។

 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024