ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង ធ្លាក់ចុះ ១៤% ក្នុងឆ្នាំ ២០២០

២០ មករា ២០២១ | សេដ្ឋកិច្ច

កាលពីឆ្នាំ ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានជាង ៨៨៤លានដុល្លារអាមេរិក ដែលតួលេខនេះ មានការធ្លាក់ចុះ ១៤% ធៀបនឹងទំហំពាណិជ្ជកម្ម កាលពីឆ្នាំ ២០១៩។

 

 

នេះបើយោងតាមតួលេខផ្លូវការ ចេញផ្សាយដោយ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KITA។

 


ប្រភពដដែល បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ កម្ពុជា បាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ ៣១៧លានដុល្លារអាមេរិក ទៅកាន់ទីផ្សារកូរ៉េ ដែលតួលេខនេះ មានការធ្លាក់ចុះ ៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

 


ក្នុងនោះដែរ កម្ពុជា ភាគច្រើននាំចេញ ផលិតផលកសិកម្ម សម្លៀកបំពាក់ និងគ្រឿងបង្គុំអេឡិចត្រូនិក ទៅកាន់ កូរ៉េ នឹងបាននាំចូលមកវិញនូវ សម្លៀកបំពាក់ ថ្នាំពណ៌ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។

 


ដោយឡែក កូរ៉េខាងត្បូង ក៏បាននាំចេញផលិតផលសរុប ៥៦៧លានដុល្លារអាមេរិក ទៅកាន់ទីផ្សារប្រទេសកម្ពុជា ដែលមានការធ្លាក់ចុះដល់ទៅ ១៨% ធៀបនឹងឆ្នាំ ២០១៩ ហើយផលិតផលសំខាន់ៗ ដែលនាំចូលពីកូរ៉េ មកកាន់កម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម។

 


គួរបន្ថែមថា ក្នុងឆ្នាំ ២០២០ កម្ពុជា មានឱនភាពពាណិជ្ជកម្ម ២៥០លានដុល្លារអាមេរិកជាមួយនឹង កូរ៉េខាងត្បូង ខណៈកាលពីឆ្នាំ ២០១៩ មានដល់ទៅ ៣៦០លានដុល្លារអាមេរិកឯណោះ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់កាលពីដើមខែមករា ឆ្នាំ២០២១នេះដែរថា ភាគីទាំងពីរ បាននិងកំពុងជម្រុញបង្កើនល្បឿនលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលរំពឹងនឹងបញ្ចប់ជាផ្លូវការ ក្នុងឆ្នាំ ២០២១នេះ៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024