ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជារួមទាំងប្រទេសទាំងជាង១០ទៀត នឹងចុះកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំមួយ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ

១៦ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

ក្រោយពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ជិត១០ឆ្នាំរួចមក នៅទីបំផុតប្រទេសកម្ពុជារួមជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកាខាងមុខនេះហើយ។

 

 

កិច្ចព្រមព្រៀង RCEP នេះ ត្រូវបានគេមើលឃើញថា គឺជាកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំបំផុតមួយ ដែលមានទំហំផលិតផលក្នុងស្រុកសរុបដល់ទៅជិត៤០% នៃ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

 


កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យខាងមុខនេះ ត្រូវបានគេមើលឃើញថា គឺជាសមិទ្ធផលមួយដែលមានកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៨ឆ្នាំមកហើយ ដើម្បីឈានទៅបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរី មួយ ដែលនឹងរួមបញ្ចូលគ្នានូវទំហំមួយភាគបី នៃសេដ្ឋកិច្ចរបស់ពិភពលោក។

 

 

កិច្ចព្រមព្រៀងដ៏ធំមួយនេះ ក៏នឹងក្លាយជាចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ នាពេលដ៏លំបាកនេះ និងនាពេលអនាគតផងដែរ។


កិច្ចព្រមព្រៀង RCEP នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកានេះ គឺត្រូវនឹងថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម។ 

 


កិច្ចព្រមព្រៀងនេះ មានប្រទេសចំនួន១៥ ចូលរួម រួមមានប្រទេសអាស៊ានទាំង១០ ប្រទេស រួមទាំងប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែស័រឡង់ ហើយសមាជិកទាំងអស់ក៏នៅតែបើកចំហរទ្វារសម្រាប់ប្រទេសឥណ្ឌាឲ្យចូលរួមផងដែរ ខណៈដែលឥណ្ឌាបានដកខ្លួនចេញពីកិច្ចចរចា RCEP តាំងតែពីដើមឆ្នាំមកម្ល៉េះ ដោយសារតែបារម្ភខ្លាចកិច្ចព្រមព្រៀងនេះ អាចផលប៉ះពាល់លើអ្នកផលិតក្នុងស្រុករបស់ខ្លួន ពិសេស គឺខ្លាចមានឱនភាពពាណិជ្ជកម្មធំជាមួយនឹងប្រទេសចិនតែម្ដង។ 

 


ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ដែរថា ការចរចាបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEPនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ-១៩។

 

 

ការអះអាងដូច្នេះ គឺដោយសារតែ កិច្ចព្រមព្រៀងRCEPនេះទាំងមូល មានផលិតផលក្នុងស្រុកសរុបជិត ៤០% នៃផលិតផលក្នុងស្រុករបស់ពិភពលោក និងមានទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣ពាន់ ៥រយលាននាក់ ឬជិត៥០%នៃប្រជាជនពិភពលោកសរុប ខណៈទំហំពាណិជ្ជកម្មសរុបមានវិញមានដល់ជិត ២៩% នៃទំហំពាណិជ្ជកម្មពិភពលោក។

 

 

រីឯការវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងប្រទេសជាសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង RCEP វិញមានប្រមាណ២០% នៃការវិនិយោគផ្ទាល់របស់ពិភពលោកសរុប។


ប្រទេសដែលមានសេដ្ឋកិច្ចធំៗ នៅក្នុងកិច្ចព្រមព្រៀង RCEP នេះ រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម។

 

ក្នុងនោះ ជប៉ុន ហាក់រំពឹងខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងដែលមានចិន និងកូរ៉េខាងត្បូងចូលរួមដែរនោះ ខណដែលចិនគឺជាដៃគូពាណិជ្ជកម្មធំរបស់ខ្លួន។ 


ប្រទេសចិន បានដើរតួនាទីយ៉ាងសកម្មក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP នេះ ពីព្រោះវាមិនមែនជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកនោះឡើយ។


សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នេះ គឺជាកិច្ចព្រមព្រៀងថ្នាក់តំបន់ទី២ហើយនៅអាស៊ី ដែលមិនមានវត្តមានរបស់សហរដ្ឋអាមេរិកចូលរួម ខណៈដែលកិច្ចព្រមព្រៀងដ៏ធំមួយទៀត គឺ កិច្ចព្រមព្រៀងវឌ្ឍនភាពនិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP)។

 

ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨នោះ ក៏មិនមានវត្តមានរបស់អាមេរិកនោះដែរ៕
 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024