ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

គ.ជ.ប អំពាវនាវគ្រប់ភាគី ចូលរួមផ្ដល់យោបល់កែលម្អខ្លួន ប្រកបដោយសុទ្ធចិត្ត

១៤ មករា ២០២១ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃនេះ បានអំពាវនាវឱ្យមានការចូលរួមផ្ដល់មតិយោបល់កែលម្អរស្ថាប័នខ្លួន ប្រកបដោយសុទ្ធចិត្ត ពោលគឺ​ចៀសវាងការលាបពណ៌ ពីសទៅខ្មៅ។ ការអំពាវនាវនេះ គឺបន្ទាប់ពីរយៈពេលចុងក្រោយនេះ ស្ថាប័នទទួលបន្ទុករៀបចំការបោះឆ្នោតមួយនេះ ហាក់បង្ហាញការយល់ឃើញថា ខ្លួនទទួលរងការវាយប្រហារជាជាងការរិះគន់ ក្នុងន័យស្ថាបនា។

 


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសន្និសីតកាសែតមួយនៅទីស្ដីការរបស់ខ្លួន ក្នុងន័យការពារភាពត្រឹមត្រូវនៃបេសកកម្មរបស់ខ្លួន និងឆ្លើយតបចំពោះការរិះគន់មួយចំនួនដែលស្ថាប័នរៀបចំការបោះឆ្នោតមួយនេះយល់ថាជាការរិះគន់បង្កប់ដោយការវាយប្រហារ និងបង្កើតឱ្យមានការស្អប់ខ្ពើម។ សន្និកាសែតនេះត្រូវបានធ្វើឡើងដោយមន្រ្តីជាន់ខ្ពស់គជប ឯកឧត្តម សោម សរីដា។

 


តាមរយៈសន្និសីទកាសែតនោះ គ.ជ.ប បានអះអាងថាស្ថាប័នរបស់ខ្លួនទទួលយកនូវរាល់មិតិយោបល់ដើម្បីកែម្អរ ដោយបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមផ្ដល់មតិយោបល់ និងកែសម្រួលករណីមានកំហុសឆ្គង ក្នុងន័យដើម្បីស្ថាបនាពោពេញដោយការគោរពសិទ្ធិអ្នកដទៃ មានការយល់យោគទៅវិញទៅមក ប្រកបដោយសេចក្ដីស្មោះត្រង់ និងការលើកទឹកចិត្ត។

 


ស្ថាប័នជាតិមួយនេះក៏បានឆ្លៀតផ្ដាំទៅគណបក្សនយោបាយ និងភាគីពាក់ព័ន្ធថាមុននឹងធ្វើការចោទប្រកាន់លើបុគ្គល ឬស្ថាប័នណាមួយ សូមមេត្តាពិគ្រោះយោបល់ជាមួយអ្នកច្បាប់ជាមុនសិន ដើម្បីមានភស្តុតាងច្បាស់លាស់ ចៀសវាងការលាបពណ៌ពីសទៅខ្មៅ ក្នងចេទនាញុះញង់ឱ្យមានការយល់ច្រឡំ រើសអើងជាតិសាសន៍ខ្លួន និងបង្កអសន្តិសុខ។

 


សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ  LDP បានកើតមានសង្គ្រាមពាក្យសម្ដីតបគ្នាស្ទើតែមិនចេះចប់មិនចេះហើយ ជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ទោះបីជានិតិវិធីច្បាប់ បានបិទបញ្ចប់រួចរាល់នូវការប្ដឹងផ្ដល់ និងមានការប្រកាសទទួលស្គាល់ជាផ្លូវការបញ្ជីឈ្មោះបោះឆ្នោតក៏ដោយ៕

 

អត្ថបទ៖​ រ៉េន រតនៈ រូបភាព៖​ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024