ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

លទ្ធផលចុងក្រោយ បង្ហាញថា មានពលរដ្ឋជាង ២សែន ៦ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោត

២២ តុលា ២០២០ | ព័ត៌មានជាតិ

លទ្ធផលសរុបចុងក្រោយ បានឱ្យដឹងថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត រយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលាកន្លងទៅ មានពលរដ្ឋបានចុះឈ្មោះបោះឆ្នោតសរុបចំនួន ២សែន ៦ម៉ឺន ១ពាន់ ៥៦៧នាក់។ នេះបើតាមទិន្នន័យរបស់ គ.ជ.ប។ នេះគឺជាទិន្នន័យបឋមដែល គ.ជ.ប នឹងត្រូវសម្រេចយកជាផ្លូវការ នាពេលខាងមុខ។

 


យោងតាមទិន្នន័យបឋមដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បូកសរុបក្រោយពីបិទបញ្ចប់ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃមកនោះ មានេះពលរដ្ឋបានចុះឈ្មោះបោះឆ្នោតថ្មីនៅឆ្នាំ២០២០នេះសរុបចំនួន២សែន៦ម៉ឺន១ពាន់៥៦៧នាក់។ 

 


ការិយាល័យដែលមានអ្នកចុះឈ្មោះច្រើនជាងគេមាននៅខេត្តបាត់ដំបង២ម៉ឺន៤៨នាក់, តាមពីក្រោយដោយខេត្តកណ្ដាល១ម៉ឺន៩ពាន់៣៣៥នាក់ និងខេត្តកំពង់ស្ពឺមាន១ម៉ឺន៩ពាន់១៦១នាក់ ខណៈខេត្តដែលមានអ្នកចុះបោះឆ្នោតតិចជាងគេ គឺខេត្តកែប មាន៧៤៧នាក់ និងប៉ែលិនមាន១២៦៩នាក់។ 

 


គ.ជ.ប បានប៉ានប្រមាណថា មានពលរដ្ឋត្រូវចុះឈ្មោះថ្មីប្រមាណ៣សែននាក់។ យ៉ាងណាអ្នកនាំពាក្យ គ.ជ.ប អះអាងថាអត្រាអ្នកចុះឈ្មោះជាង២សែន៦ម៉ឺននាក់នៅឆ្នាំនេះ គឺជាចំនួនច្រើន ដោយសារតែពលរដ្ឋជាពលករមិនបានវិលទៅក្រៅប្រទេសដោយសារកូវីដបានទៅចុះឈ្មោះបោះឆ្នោត។

 


ផ្អែកលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ គ.ជ.ប បានឲ្យដឹងថាលទ្ធផលបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោតបានកើនឡើងដល់៨លាន៨សែន៣ម៉ឺន៧៨៧នាក់។ អត្រានេះបើគិតជាភាគរយ ធៀបនឹងពលរដ្ឋគ្រប់អាយុបោះឆ្នោតទូទាំងប្រទេសសរុបចំនួនជាង១០លាន៣សែន៨ម៉ឺន២ពាន់នាក់ គឺស្មើនឹងប្រមាណ៨៥ភាគរយ៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024