ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ភ្នាក់ការងារបក្ស និងអ្នកអង្កេតការណ៍ ជាង ១ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យតាមដានការពិនិត្យបញ្ជីបោះឆ្នោត

២៤ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

យ៉ាងហោចណាស់ មានភ្នាក់ងារគណបក្សនយោបាយប្រមាណ ១ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាង ២ពាន់នាក់ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អនុញ្ញាតឱ្យតាមដានដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០។ គ.ជ.ប គ្រោងនឹងជួបភាគីពាក់ព័ន្ធ នៅថ្ងៃទី២៥វិច្ឆិកាខាងមុខនេះ ដើម្បីពិភាក្សាអំពីដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះ។

 


តាមរយៈសេចក្ដីជូនព័ត៌មានចំនួន៣ដាច់ដោយឡែក ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានជម្រាបជូនសាធារណៈជនអំពីបច្ចុប្បន្នភាពនៃការដំណើរការពិនិត្យ និតផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០។


គ.ជ.ប បានឱ្យដឹងថាគិតត្រឹមថ្ងៃទី២៣វិច្ឆិកានេះ ក្រុមប្រឹក្សាឃុំសង្កាត់បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយចំនួន៩៦៦៦នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិជាង៣ពាន់នាក់ និងភ្នាក់ងារបំរុងជាង៦ពាន់៦រយនាក់ មានសិទ្ធិសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។

 


ភ្នាក់ងារសង្កេតការណ៍ទាំងនោះ  មានមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ិនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតេយ្យ និងគណបក្សយុវជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធមានភ្នាក់ងារច្រើនជាងគេ។

 


ដោយឡែកអ្នសង្កេតការណ៍ជាតិ និងអន្តរជាតិដែលត្រូវបានអនុញ្ញាតឱ្យតាមដានការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ត្រូវបានគជប ឱ្យដឹងថាមាន២២០១នាក់ ដែលមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨ ក្នុងនោះក៏មានសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការខុមហ្វ្រែលផងដែរ។

 


ដើម្បីបញ្ជាក់ការងារនេះឱ្យកាន់តែច្បាស់ នៅថ្ងៃទី២៥ វិច្ឆិកាខាងមុខ គជប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។

 


សូមបញ្ជាក់ថា នៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០  គជប មានប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតថ្មីជាង២សែន៦ម៉ឺននាក់។ ចំនួននេះបានធ្វើឱ្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅកម្ពុជា គិតត្រឹមឆ្នាំ២០២០មានជាង៨លាន៨សែននាក់ ស្មើនឹង៨៥.០៥ភាគរយនៃជំនួនអ្នកគ្រប់អាយុបោះឆ្នោតសរុបទូទាំងប្រទេស៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024