ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងដោយប្រើបច្ចេកវិទ្យា នៅឆ្នាំ២០២១

២៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គ្រោងនឹងរៀបចំការបោះឆ្នោតសាកល្បងមួយនៅឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។ 

 


ថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បញ្ចប់ជំនួបជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA  ប្រចាំនៅកម្ពុជាកាលពីព្រឹកមិញ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបង្ហើបឱ្យដឹងថានៅឆ្នាំ២០២១ខាងមុខនេះ គ.ជ.ប មានផែនការរៀបចំការបោះឆ្នោតសាកល្បង ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដូចជាការចុះឈ្មោះបេក្ខជនគណបក្សនយោបាយ និងការបញ្ជូនទិន្ន័យលទ្ធផលបោះឆ្នោតជាដើម។

 


សូមបញ្ជាក់ថាដើម្បីគាំទ្រដំណើរការរៀបចំការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យានេះ គ.ជ.ប តាមរយៈ JICA បានដាក់សំណើរសុំជំនួយសម្ភារៈមួយចំនួនពីរដ្ឋាភិបាលជប៉ុន ដូចជាកុំព្យូទ័រលេបថប USB និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។


ជាមួយគ្នានេះ គជប ក៏បានបន្តស្នើសុំអ្នកជំនាញការ JICA ៣រូបបន្ថែមទៀត ដើម្បីបន្តកិច្ចសហការចូលរួមក្នុងដំណើរការកែលម្អរ និងរៀបចំការបោះឆ្នោតនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។

 


បើតាមឯកឧត្តម ឌឹម សុវណ្ណារុំ JICA  ដែលតែងតែចូលរួមគាំទ្រដំណើរការកំណែទម្រង់ការបោះឆ្នោតនិងដំណើរការរៀបចំការបោះឆ្នោតជាប់រហូតមកនោះ បានបង្ហាញការចាប់អាម្មណ៍ខ្លាំងចំពោះគម្រោងរៀបចំការបោះឆ្នោតសាកល្បងនេះ ក្នុងពេលដែលរដ្ឋាភិបាលជប៉ុនកំពុងពិចារណា។

 


ដោយឡែកនៅក្នុងជំនួបកាលពីព្រឹកមិញនេះ ប្រធានគ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក និងប្រធាន JICA ថ្មីប្រចាំនៅកម្ពុជាបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការវាងភាគីទាំងពីរកន្លងមក៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024