ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ការបោះឆ្នោតឃុំសង្កាត់សាកល្បង នឹងធ្វើឡើងនៅថ្ងៃទី២៣ ឧសភាខាងមុខ

១៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី២៣ ខែឧសភាខាងមុខនេះ។ ការបោះឆ្នោតនេះ នឹងធ្វើឡើង ១ឃុំ ឬសង្កាត់ ក្នុងមួយរាជធានីខេត្ត ដោយមានការិយាល័យចំនួន២។ នេះបើតាមសេចក្ដីសម្រេច គ.ជ.ប។ 

 


ជាជំហានថ្មីមួយទៀតក្នុងដំណើរការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់រៀបចំដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃទី១០ខែមិថុនា ដោយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៣ឧសភា ចាប់ពីម៉ោង៧ដល់ម៉ោង១១ព្រឹក ដោយលទ្ធផលនឹងត្រូវធ្វើឡើងតាមកម្មវិធីមួយ។

 


បើតាមសេចក្ដីសម្រេចលេខ០០៨ ចុះហត្ថលេខាដោយប្រធាន គ.ជ.ប រាជធានីខេត្តទាំង២៥ ត្រូវជ្រើសរើសឃុំសង្កាត់១ដើម្បីអនុវត្តការបោះឆ្នោតសាកល្បងនេះ ដោយក្នុងមួយឃុំសង្កាត់នោះ ត្រូវមានមានការិយាល័យចំនួន២ ហើយការិយាល័យទាំង២ ត្រូវមាន១នៅទីប្រជុំជន និង១ទៀតនៅតំបន់ឆ្ងាយពីទីប្រជុំជន។ 


ការបោះឆ្នោតសាកល្បងនេះ គ.ជ.ប បានកំណត់ឱ្យ១ការិយាល័យមានអ្នកបោះឆ្នោតមិនឱ្យច្រើនជាង៥០០នាក់ឡើយ។ មន្ត្រីបោះឆ្នោតនឹងជ្រើសរើសឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីផ្លូវការ ហើយរៀបចំបិទផ្សាយបញ្ជីឈ្មោះ ព្រមទាំងផ្សព្វផ្សាយ និងដាក់លិខិតជូនដំណឹងដល់អ្នកមានឈ្មោះបោះឆ្នោតសាកល្បងនេះ។

 


ដោយឡែកគណបក្សដែលមានឈ្មោះក្នុងបញ្ជីគណបក្សនយោបាយអាចចុះឈ្មោះគណបក្ស និងបេក្ខជនតាមប្រព័ន្ធអនឡាញ ឬដោយដៃ និងអាចដាក់ភ្នាក់ងារសង្កេតការណ៍បាន។ ជាមួយគ្នានេះ គជប ក៏បើកទ្វារទទួលចុះឈ្មោះអ្នកសង្កេតុការណ៍ជាតិ  និងអន្តរជាតិមកពីភាគីពាក់ព័ន្ធផងដែរ។ យ៉ាងណាក៏ដោយការបោះឆ្នោតសាកល្បងនេះ មិនមានការឃោសនា និងការអនុវត្តនិតិវិធីប្ដឹងប្ដល់អ្វីនោះឡើយ។

 


ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតសាកល្បងនេះ សមាជិក និងជាអ្នកនាំពាក្យ គជប ឯកឧត្តម ឌឹម សុវណ្ណារុំ បានឱ្យដឹងថា គជប តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំជំនួយសម្ភារៈបរិក្ខាព័ត៌មានវិទ្យាពីរដ្ឋាភិបាលជប៉ុនក្នុងក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន និងបានស្នើសុំជំនួយអ្នកជំនាញការពីទីភ្នាក់ងារសហប្រតិបត្តការជប៉ុន JICA។

 


យ៉ាងណាក៏ដោយ ទោះបីជាគម្រោងសំណើរជំនួយទាំង២នេះមកទាន់ ឬមិនទាន់ គជប បានត្រៀមថវិការរួចរាល់ហើយ ដើម្បីធានាដំណើរការបានដោយរលូននូវដំណើរការបោះឆ្នោតសាកល្បងនេះ។  នេះបើតាមការបន្ថែមរបស់ឯកឧត្តម ឌឹម សុវណ្ណារុំ។


សូមបញ្ជាក់ថាការបោះឆ្នោតសាកល្បងនេះ មានគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការអនុវត្តការងារបច្ចេកទេសទាក់ទងនឹងការបោះឆ្នោតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា នៃដំណើរការចុះបញ្ជីបចេក្ខជនឈរឈ្មោះបោះឆ្នោត ការត្រួតពិនិត្យ ការផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ព្រមទាំងធានាភាពច្បាស់លាស់នៃការកំណត់សញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត។ នេះបើតាមគជប៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024