ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ ប្រកាសផ្អាកការបញ្ជូនពលករ ទៅធ្វើការងារនៅប្រទេសថៃជាបណ្តោះអាសន្ន

២៣ ធ្នូ ២០២០ | ព័ត៌មានជាតិ

ក្រសួងការងារកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ព្រមទាំងបានសម្រេចផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាល ទៅធ្វើការនៅប្រទេសថៃជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ។

 


តាមរយៈលិខិតជូនដំណឹងរបស់ខ្លួន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន រហូតដល់មានការជូនដំណឹងជាថ្មី។


ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា នេះជាការអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃ។

 


ក្រសួងការងារបានអំពាវនាវអោយពលករទាំងអស់ត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩ ដោយរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ត្រូវចូលរួមសហការ និងគោរពឱ្យបាននូវរាល់បទបញ្ជា និងវិធានការសុខាភិបាលដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងនិយោជកថៃ។ ជាពិសេសត្រូវអនុវត្តតាមការណែនាំ ឬសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងត្រូវទាក់ទងជាបន្ទាន់ក្នុងករណីមានបញ្ហា។

 


ចំពោះមុខក្រសួង បាននឹងកំពុងទំនាក់ទំនងជាមួយក្រសួងការងារថៃ និងបានស្នើភាគីថៃសម្រួលការងារឯកសារ ផ្សេងៗដល់បងប្អូនពលករដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានភាពស្របច្បាប់ ជាបណ្តោះអាសន្នក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ។

 


ក្រសួងបន្តថា ប្រសិនចាំបាច់ត្រូវត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវជ្រើសរើសច្រកណាមួយក្នុងចំណោមច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ជាដាច់ខាត។ ទីនោះរាជរដ្ឋាភិបាលមានរៀបចំការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខភាពរបស់ពលរដ្ឋកម្ពុជាក៏ដូចជាបង្ការ និងការពារសុខភាពក្រុមគ្រួសារដែលនៅស្រុកកំណើត។ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន ហើយបន្ទាប់មកត្រូវប្រើប្រាស់រថយន្តដែលកំណត់ដោយមណ្ឌលចត្តាឡីស័កត្រឡប់ទៅភូមិកំណើត និងជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងអ្នកជិតខាងឱ្យជ្រាបថា ខ្លួនទើបវិលត្រឡប់មកពីប្រទេសថៃ។

 


ក្នុងករណីមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជូនដំណឹងទៅអាជ្ញាធរភូមិ ឃុំរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល។ក្រសួងការងារសូមអំពាវនាវឲ្យបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធជ្រាប និងចូលរួមអនុវត្តសេច។ក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព។


សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ បច្ចុប្បន្នមានពលករកម្ពុជាធ្វើការ និងស្នាក់នៅប្រទេសថៃប្រមាណ១លាន២សែននាក់ ក្នុងនោះមួយផ្នែកជាពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ៕

 

អត្ថបទ៖ សំ ជំនាញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024