ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត

២៤ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ 

 


ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្ដម អ៊ិត សំហេង កាលពីព្រឹកមិញនេះ។ សឹង្ហបុរីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។ 

 


ដោយឡែក ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

 


ហើយសំណើបន្ទាប់របស់រដ្ឋមន្ត្រីការងារ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។ កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀតផងដែរ។

 


លោកឯកអគ្គរដ្ឋទូតសឹង្ហបុរីទើបផុតអាណត្តិបានអះអាងថា សិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយក្នុងនាមជាឯកអគ្គរដ្ឋទូតក៏តែងតែជំរុញដល់ក្រុមហ៊ុនទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះការវិនិយោគរបស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តតាមច្បាប់-លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងត្រូវចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារដល់កម្មករកម្ពុជាផងដែរ ដើម្បីឱ្យពួកគេទទួលបានជំនាញសមស្របមួយសម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ។

 


ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហការគ្នា កាន់តែរឹងមាំថែមទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អ និងទាន់ពេលវេលា។  ទន្ទឹមនេះ ភាគីសិង្ហបុរី ក៏បានអំណរគុណដល់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់បានយ៉ាងល្អ ជាផ្នែកមួយអំណោយផលដល់អ្នកវិនិយោគសិង្ហបុរីឲ្យមានដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតីឡើងវិញ ហើយកម្ពុជាក៏បានអរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានការពារពលករកម្ពុជាដែលកំពុងបម្រើការនៅទីនោះដូចជនជាតិសិង្ហបុរីដូចគ្នា ។ 


ទោះបីជាយ៉ាងណា ឯកអគ្គរដ្ឋទូតសឹង្ហបុរីទើបផុតអាណត្តិអះអាងថា នឹងទទួលយកសំណើទាំងឡាយរបស់រដ្ឋមន្ត្រីការងារកម្ពុជា ទៅជម្រាបជូនដល់រដ្ឋាភិបាលសិង្ហបុរី ដើម្បីពិចារណា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរទៀត៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024